មូលនិធិ Gates និង OpenAI ផ្តល់៥០លានដុល្លារ ដល់ប្រទេសអាហ្វ្រិក ប្រើ AI កែលម្អសុខភាពប្រជាជន

បរទេស ៖ មូលនិធិ Gates របស់លោកមហាសេដ្ឋី Bill Gates បានសហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ផ្តល់៥០លានដុល្លារអាមេរិក ដល់បណ្តាប្រទេសនៅអាហ្វ្រិក ប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កែលម្អប្រព័ន្ធសុខភាព របស់ប្រជាជន នៅទីនោះ។

តាមការចេញផ្សាយ របស់សារព័ត៌មាន CNA កាលពីថ្ងៃពុធ, ភាពជាដៃគូ ឈ្មោះថា «Horizon1000» មួយនេះ គ្រោងនឹងធ្វើការ ជាមួយមេដឹកនាំអាហ្រ្វិក ដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់ បច្ចេកវិទ្យាដ៏ល្អបំផុតនេះ ដោយចាប់ផ្តើម ចេញពីប្រទេស រ៉វ៉ាន់ដា។

នៅក្នុងការបង្ហោះ Blog ដែលប្រកាសពីការចាប់ផ្តើមគម្រោងនេះ, លោក Gates បាននិយាយថា «នៅក្នុងបណ្តាប្រទេសក្រីក្រ ដែលមានកង្វះបុគ្គលិកសុខាភិបាល ដ៏ធំសម្បើម និងកង្វះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាល, AI អាចជាអ្នកផ្លាស់ប្តូរដ៏មានប្រសិទ្ធិភាព ក្នុងការពង្រីកលទ្ធភាព ទទួលបានការថែទាំ ប្រកបដោយគុណភាព»។

ជាមួយនឹងការប៉ាន់ប្រមាណ ដែលបង្ហាញថា អនុតំបន់សាហារ៉ាអាហ្រ្វិក មានការខ្វះខាតអ្នកជំនាញថែទាំសុខភាពប្រហែល ៦លាននាក់, លោក Gates បានអះអាងថា Horizon1000 មានគោលបំណង បង្កើតគ្លីនិកសុខភាពបឋម ចំនួន១ពាន់កន្លែង និងសហគមន៍ជុំវិញ នៅទូទាំងប្រទេស មួយចំនួន នៅឆ្នាំ២០២៨។

ការដាក់ឱ្យដំណើរការ គម្រោងថ្មីនេះ បានកើតមានឡើង ចំពេលប្រទេសដែលមានប្រាក់ចំណូលទាប ជាច្រើនទាំងនេះ តស៊ូជាមួយនឹងការកាត់បន្ថយថវិកាជំនួយអន្តរជាតិ។ ជុំវិញរឿងនេះដែរ, លោក Gates ធ្លាប់បាននិយាយ កាលពីខែធ្នូ ថា វារួមចំណែកដល់ការកើនឡើង ជាលើកដំបូង នៃការស្លាប់កុមារ ក្នុងសតវត្សរ៍នេះ ដែលធាតុពិត ពួកគេអាចការពារបាន បើជំនួយទាំងអស់នោះ មិនត្រូវបានកាត់៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner