អាមេរិក លក់យន្តហោះល្បាត និងមីស៊ីលលឿនជាងសំឡេង តម្លៃ ២,៣០០ លានដុល្លារឲ្យ សិង្ហបុរី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានអនុម័តលក់គ្រឿងសព្វាវុធយោធាដ៏មានសក្តានុពលក្នុងតម្លៃប្រហែល ២ ពាន់ ៣០០ លានដុល្លារទៅឲ្យសិង្ហបុរី ។
បើតាម CNA, កញ្ចប់គ្រឿងសព្វាវុធយោធាទាំងនោះ រួមមានមីស៊ីលលឿនជាងសំឡេង Torpedo យន្តហោះល្បាតសមុទ្រ P-8A និងគ្រឿងបរិក្ខារពាក់ព័ន្ធផ្សេងទៀតជាដើម ។
P-8A ជាយន្តហោះល្បាតសមុទ្រមានសមត្ថភាពបំពាក់មីស៊ីលទម្ងន់ស្រាល ដែលអាចវាយប្រហារនាវាមុជទឹកប្រកបដោយប្រសិទ្ធភាព ។
វាត្រូវបានរចនាឡើងបំពាក់ដោយឧបករណ៍ចាប់សំឡេងកម្រិតខ្ពស់ កាមេរ៉ាអេឡិចត្រូអុបទិក និងអ៊ីនហ្វ្រារ៉េដ រួមទាំងប្រព័ន្ធទំនាក់ទំនងទំនើបៗផ្សេងទៀតជាដើម ។ សមត្ថភាពទាំងនេះ អនុញ្ញាតឲ្យយន្តហោះ P-8A អនុវត្តបេសកកម្មលើសមុទ្របានយ៉ាងទម្រង់ រួមមានបេសកកម្មរុកររក និងកំណត់ទីតាំងក្នុងប្រតិបត្តិការជួយសង្រ្គោះផងដែរ ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ (DSCA) និយាយថា, ការអនុម័តលើសំណើលក់សព្វាវុធនេះ នឹងជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកសិង្ហបុរីឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ទល់ការគំរាមកំហែង ទាំងបច្ចុប្បន្ន និងអនាគត ។
បើតាមប្រមុខការពារជាតិសិង្ហបុរី យន្តហោះល្បាត P-8A នឹងចូលខ្លួនមកជំនួសតំណែងយន្តហោះល្បាតសេរីចាស់ Fokker-50s ដែលសិង្ហបុរីបានប្រើប្រាស់ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ហើយ P-8A អាចនឹងត្រូវចូលបម្រើសេវាកម្មនៅដើមឆ្នាំ ២០៣០ ។
ក្រៅពីសិង្ហបុរី, ចក្រភពអង់គ្លេស និងអូស្រ្តាលី ក៏ស្ថិតក្នុងចំណោមបណ្តាប្រទេស បាននឹងកំពុងធ្វើប្រតិបត្តិការយន្តហោះល្បាត P-8A ផងដែរ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា