យន្តហោះប្រធានាធិបតី Trump មានបញ្ហាអគ្គិសនី បកត្រលប់ក្រោយវិញ
វ៉ាស៊ីនតោន ៖ យន្តហោះដឹកប្រធានាធិបតី Trump មានបញ្ហាអគ្គិសនី ជាហេតុនាំឲ្យមានការសម្រេចចិត្ត បកត្រលប់ក្រោយវិញ។ ឧប្បត្តិហេតុដ៏កម្រនេះ បានកើតឡើង កាលពីថ្ងៃពុធ ក្នុងពេលលោក ធ្វើដំណើរទៅចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងៗទៀត នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស។
បើតាមសារព័ត៌មាន រយធឺ, យន្តហោះ Air Force One បានហោះត្រលប់ ទៅចុះចតដោយសុវត្ថិភាព នៅឯមូលដ្ឋានទ័ពរួម Andrews ក្បែរនឹងទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្លាស់ប្តូរយន្តហោះថ្មី បន្ទាប់ពីបុគ្គលិកបម្រើការ នៅលើជើងហោះហើរដំបូង របស់លោក បានកំណត់ឃើញនូវអ្វី ដែលសេតវិមាន អះអាងថា ជាបញ្ហាអគ្គិសនីតិចតួច។ ប្រភពបញ្ជាក់ថា កើតមានឡើងភ្លាមៗ បន្ទាប់ពីបានចេញដំណើរ ហោះឡើងលើអាកាស បានបន្តិច។
យ៉ាងណា បន្ទាប់ពីយន្តហោះ Boeing (BA.N) 747 បានចុះចតរួចរាល់, ការធ្វើដំណើររបស់លោក ដូណាល់ ត្រាំ បានបន្តនៅលើយន្តហោះ Boeing 757 មួយគ្រឿងទៀត ដែលមានទំហំតូចជាង ហើយ បានហោះចេញដំណើរ ទៅស្វីសដោយសុវត្ថិភាព។
ឧប្បត្តិហេតុសុវត្ថិភាពផ្លូវអាកាស ពាក់ព័ន្ធនឹងមេដឹកនាំអាមេរិក គឺ កម្រកើតមានឡើងណាស់។
យ៉ាងណា កាលពីឆ្នាំ២០១១ យន្តហោះ Air Force One ធ្លាប់បានចុះចត ដោយសារអាកាសធាតុអាក្រក់ ខណៈពេលកំពុងដឹកអតីត ប្រធានាធិបតីអាមេរិក លោក Barack Obama ទៅចូលរួមព្រឹត្តិការណ៍មួយ នៅក្នុងទីក្រុង Connecticut។
ឆ្នាំ២០១២ យន្តហោះ Air Force Two ដែលដឹកលោកអតីតអនុប្រធានាធិបតី លោក Joe Biden នាពេលនោះ ត្រូវបានសត្វបក្សី វាយប្រហារ នៅរដ្ឋ California ហើយ ក៏សម្រេចចុះចត ដោយគ្មានបញ្ហាអ្វីទាំងអស់៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត