ចាប់ជនជាតិចិន៣នាក់នាំលុយជាង៣លានដុល្លារមកពីហុងកុង
ជនជាតិចិនចំនួន៣នាក់បានរងការចាប់ខ្លួននៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញក្នុងពេលដឹកជញ្ជូនលុយ ៣លាន៥សែន២ម៉ឺនដុល្លារ គ្មានប្រភពច្បាស់លាស់មកពីទីក្រុងហុងកុងចូលមកក្នុងប្រទេសកម្ពុជា។ យោងតាម ក្រសួងមហាផ្ទៃ ការឃាត់ខ្លួនជនសង្ស័យជាតិចិនទាំង៣នាក់នេះ បានធ្វើកាលពីថ្ងៃទី២៣មេសាកន្លងមកនេះ គ្រា ដែលលុយដឹកចូលក្នុងប្រទេសកម្ពុជានោះ មិនមានការបញ្ជាក់នូវប្រភពហិរញ្ញវត្ថុច្បាស់លាស់នោះទេ។ ជនសង្ស័យជាតិចិនទាំង៣នាក់រួមមានទី១៖ ឈ្មោះ Wang Shiping, ទី២៖ ឈ្មោះ Wang Lichao និងទី៣៖ ឈ្មោះ Zhang Jian ។ ជនសង្ស័យទាំង៣ ត្រូវសមត្ថកិច្ចបានអោយដឹងថា គឺជាមនុស្សដែលមិនមានមុខរបរពិតប្រាកដ ឡើយ។ ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវ បានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្ប ទានភេរវកម្ម ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា។
ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវអំពើ ឧក្រិដ្ឋកម្មឆ្លងដែន។