តៃវ៉ាន់អួតសមត្ថភាពកងយន្តហោះ F-16 ចំពេលមានសម្ពាធយោធាពីចិន
តៃប៉ិ ៖ កងទ័ពអាកាសតៃវ៉ាន់ បានអួតពីសមត្ថភាពកងយន្តហោះចម្បាំង F-16 ទំនើបបំផុតរបស់ខ្លួន នៅពេលចេញប្រតិបត្តិការ និងវិលត្រឡប់ពីលើអាកាសវិញយ៉ាងឆាប់រហ័ស ក្នុងអំឡុងសមយុទ្ធមួយកាលពីថ្ងៃពុធ ធ្វើឡើងក្នុងបំណងហាត់ ហ្វឹកហ្វឺនផ្តោតលើការប្រយុទ្ធពិតប្រាកដ ។
សមយុទ្ធនេះ ធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Chiayi ភាគខាងត្បូងកោះតៃវ៉ាន់ ដោយបុគ្គលិកយោធាបានបំពាក់មីស៊ីលប្រឆាំងយន្តហោះធុន AIM-9M Sidewinder និង AIM-120 AMRAAM ដែលផលិតនៅសហរដ្ឋអាមេរិក ដល់យន្តហោះ F-16V ដើម្បីឲ្យយន្តហោះចម្បាំងទាំងនេះ ហ្វឹកហាត់ហោះឡើងលើអាកាសឱ្យបានឆាប់រហ័ស សម្រាប់ប្រតិបត្តិការប្រយុទ្ធ ។
បើតាមមន្រ្តីទទួលបន្ទុកសព្វាវុធ លោក Wu Bo-jhih, ល្បែងសង្គ្រាមនេះ មានគោលបំណងធានាថា យន្តហោះចម្បាំង F-16V អាចដាក់គ្រាប់រំសេវជាថ្មី និងចាក់បន្ថែមប្រេង ក្នុងពេលដ៏ខ្លីបំផុត ហើយចាប់ផ្តើមការវាយប្រហារបានយ៉ាងឆាប់រហ័សសាជាថ្មី ។
គួរបញ្ជាក់ថា កងទ័ពអាកាសតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ តែងចេញប្រតិបត្តិហោះហើរ ដើម្បីតាមដាន និងព្រមានយន្តហោះចម្បាំងចិន ដែលជារឿយៗហោះហើរជាប្រចាំនៅជុំវិញកោះនេះ ។
តៃវ៉ាន់តែងតែចាត់ទុកការហោះហើរល្បាតរបស់យន្តហោះចិន គឺជាការឈ្លានពាន និងជាផ្នែកមួយនៃយុទ្ធនាការយាយីដែលកំពុងបន្ត ដើម្បីសាកល្បង និងធ្វើឱ្យកងកម្លាំងតៃវ៉ាន់តូចៗអស់កម្លាំង ក៏ដូចជាការដាក់សម្ពាធនយោបាយលើកោះនេះ ខណៈដែលទីក្រុងប៉េកាំងធ្លាប់បានព្រមានថា នឹងប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងតៃវ៉ាន់ ក្នុងករណីចាំបាច់ ៕




ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា