នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាមពិភាក្សាកិច្ចសហប្រតិបត្តិការល្អ
ចិន៖ នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាម បានជួបពិភាក្សាគ្នានៅប្រទេសចិន ស្ដីពីកិច្ចសហប្រតិបត្តិការ ភាពជាអ្នក ជិតខាងល្អ។ ជំនួបរវាងសម្តេចតេជោហ៊ុនសែនជាមួយនឹងនាយករដ្ឋមន្ត្រីង្វៀង សួនហ្វ៊ុក បានប្រព្រឹត្តទៅ ក្នុង ឱកាសដែលអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោរសរសើរចំពោះកំណើនសេដ្ឋកិច្ចខ្ពស់, ការរីកចំរើន និងសមិទ្ធិផលរបស់ ប្រទេសវៀតណាមបច្ចុប្បន្ន។ កិច្ចពិភាក្សារបស់មេដឹកនាំទាំង២ បានផ្តោតលើបញ្ហាទំនាក់ទំនងទ្វេភាគី, បញ្ហា តំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តការល្អនៃប្រទេសជិតខាង។ នាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើអោយ ប្រទេសមានការរីកចំរើនខ្ពស់។ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងបង្ហាញក្តីរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់នាំ, មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលតែងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ គួររំលឹកថា កន្លងមកថ្នាកដឹកនាំនៃប្រទេសទាំង២ ធ្លាប់បាន មានប្រសាសន៍ ប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការ សំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ នៅឆ្នាំ២០២០, ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន៕