សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិនមែនជាទីសុវត្ថិភាពសម្រាប់ក្រុមជនល្មើសប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សកម្មភាពដែលកម្ពុជាបង្ក្រាបឧក្រិដ្ឋកម្មអនឡាញយ៉ាងសកម្មនាពេលនេះ គឺចង់បង្ហាញជាសារទៅកាន់ឧក្រិដ្ឋជនទាំងឡាយ ដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅកម្ពុជាថា ប្រទេសកម្ពុជា មិនមែនជាទីសុវត្ថិភាពសម្រាប់ក្រុមជនល្មើស ប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អនុញ្ញាតឱ្យឯកឧត្តម គីម ឆាងយ៉ុង (Kim Changyong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកកាសែតក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយបានកោតសរសើរក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ ក្នុងការខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មអនឡាញ ទទួលបានលទ្ធផលជាបន្ដបន្ទាប់ ។
សម្ដេចតេជោ ក៏បានឆ្លៀតចូលរួមរំលែកទុក្ខចំពោះករណីនិសិ្សតកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានឧក្រិដ្ឋជន ធ្វើទារុណកម្មរហូតបាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជា ដែលសម្ដេចមានការសោកស្ដាយជាខ្លាំង។ ស្របជាមួយគ្នានេះ សម្ដេចតេជោ ក៏បានចោទជាសំណួរ និងបានស្នើភាគីកូរ៉េ ចែករំលែកនូវព័ត៌មានទាក់ទង នឹងឧក្រិដ្ឋជន ដែលបានសម្លាប់និសិ្សតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា តែបែរជាត្រូវបានចាប់ខ្លួននៅឯប្រទេសថៃទៅវិញ ។ត្រង់ចំណុចនេះ សម្ដេចលើកឡើងដោយចម្លែកចិត្ដ ថា ហេតុអ្វីឧក្រិដ្ឋជន អាចបោកនិស្សិតកូរ៉េខាងត្បូង មកសម្លាប់នៅប្រទេសកម្ពុជា? ហើយឧក្រិដ្ឋជននោះ បែរជាត្រូវបានចាប់ខ្លួននៅឯទឹកដីប្រទេសថៃ ។
សម្ដេចតេជោចង់ឱ្យភាគីកូរ៉េ និងថៃ ដែលមានកិច្ចសហការជាមួយគ្នា លើការបង្ក្រាបបទល្មើសអនឡាញឱ្យចែករំលែកព័ត៌មានទាំងនេះ ដើម្បីធានាអំពីតម្លាភាព ព្រោះកម្ពុជា ត្រូវឈ្វេងយល់បន្ថែមពីចំណុចស៊ីជម្រៅនៃករណីនេះ ដើម្បីឈានទៅរកការដោះស្រាយបញ្ហា ពិសេស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ឱ្យមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនអគ្គរដ្ឋទូតកូរ៉េខាងត្បូងផងដែរថា សកម្មភាពនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ គឺកម្ពុជាកំពុងតែធ្វើការយ៉ាងសកម្មដោយសហការជាមួយនឹងបណ្ដាប្រទេសពាក់ព័ន្ធ ពីព្រោះបញ្ហាឧក្រិដ្ឋកម្មអនឡាញ នេះ មិនមែនជាបញ្ហាកម្ពុជាដោយឡែកនោះទេ ប៉ុន្តែវាជាបញ្ហាតំបន់ និងក្លាយទៅជាបញ្ហារបស់សកលលោកទាំងមូល ។ម្ល៉ោះហើយ តម្រូវឱ្យមានការសហការជាអន្តរប្រទេស ។សកម្មភាពដែលកម្ពុជា បង្ក្រាបឧក្រិដ្ឋកម្មអនឡាញយ៉ាងសកម្មនាពេលនេះ គឺចង់បង្ហាញជាសារទៅកាន់ឧក្រិដ្ឋជនទាំងឡាយ ដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅកម្ពុជាថា ប្រទេសកម្ពុជា មិនមែនជាទីសុវត្ថិភាពសម្រាប់ក្រុមជនល្មើស ។
ចំណែកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានអរគុណកម្ពុជា ដែលសហការបានយ៉ាងល្អជាមួយកូរ៉េខាងត្បូង និងបានបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ ។ ឯកឧត្តម ក៏បានរំលេចថា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានកោតសរសើរក្រុមការងារប្រទេសទាំងពីរ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបករណីឆបោកអនឡាញនេះផងដែរ ៕






អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ