តួកគី ព្រមានថា ការវាយប្រហារអ៊ីរ៉ង់ គឺជាកំហុស និងចាប់ផ្តើមសង្គ្រាមមជ្ឈិមបូព៌ាសាជាថ្មី

អង់ការ៉ា ៖ ប្រមុខការទូតកំពូលតួកគីព្រមានថា ការវាយប្រហារលើអ៊ីរ៉ង់ នឹងក្លាយជាកំហុសឆ្គងមួយ ហើយនឹងប្រឈមនូវហានិភ័យផ្ទុះសង្គ្រាមសាជាថ្មីទៀតនៅមជ្ឈិមបូព៌ា ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera ចាក់ផ្សាយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានអះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាកំហុស ហើយការចាប់ផ្តើមសង្គ្រាមឡើងវិញ ក៏ជារឿងខុសឆ្គងដែរ ។

លោក Fidan ដែលមានវ័យ៥៨ឆ្នាំរូបនេះ ក៏បានណែនាំជាប់លាប់ដល់មន្ត្រីអាមេរិក ឱ្យដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់មួយជំហានម្តងៗ ដោយចាប់ផ្តើមពីឯកសារនុយក្លេអ៊ែរផងដែរ ។ លោកថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាប់ផ្តើមការចរចាឡើងវិញ ពាក់ព័ន្ធនឹងសំណុំរឿងអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន ។

ការព្រមានរបស់លោក Fidan ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា កងនាវាទ្រង់ទ្រាយធំមួយ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln និងធំជាងនាវាផ្ទុកយន្តហោះដែលត្រូវបានបញ្ជូនទៅវេណេស៊ុយអេឡា កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ ។

បន្ថែមលើនេះ លោកប្រធានាធិបតី ត្រាំ ក៏បានព្រមានអ៊ីរ៉ង់ទុកមុនផងដែរថា ពេលវេលាជិតអស់ហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ។ មិនត្រឹមតែមិនខ្លាច អ៊ីរ៉ង់ថែមទាំងបានព្រមានឆ្លើយតបដ៏ធ្ងន់ធ្ងន់មិនធ្លាប់មាន ដែលនឹងបង្កឱ្យមានការសោកស្តាយមិនអាចត្រឡប់ក្រោយ ចំពោះការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសខ្លួន ៕

ប្រភព ៖ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner