មេ UN អំពាវនាវឲ្យសន្ទនា ជុំវិញភាពតានតឹងអ៊ីរ៉ង់-អាមេរិក

អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ ហៅកាត់ UN បានអំពាវនាវឱ្យមានការសន្ទនាគ្នា ជុំវិញភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីចៀសវាង ផលវិបាកដ៏អាក្រក់ នៅក្នុងតំបន់។

លោក Antonio Guterres អំពាវនាវឱ្យមានវិធីសាស្ត្របែបការទូត ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើង ខណៈដែលមានការគំរាមកំហែងផ្នែកយោធា រវាងប្រទេសទាំងពីរ ទៅវិញទៅមក ពោលគឺចំពេលដែលប្រធានាធិបតី Donald Trump ជំរុញឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយទីក្រុង Tehran ។

លោក Guterres បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «យើងជឿថា វាមានសារៈសំខាន់ ដែលថាមានការពិភាក្សា អនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងមួយ នៅក្នុងទំនាក់ទំនង ពោលគឺចំពោះជុំវិញសំណួរ លើបញ្ហានុយក្លេអ៊ែរ ហើយជឿថា យើងអាចជៀសវាងវិបត្តិដែលអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់»។

ការអំពាវនាវនេះ កើតមានឡើង ចំពេលដែលភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោល បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ។

ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានព្រមានលោក Trump ម្តងហើយម្តងទៀត កុំឲ្យធ្វើ ដើរផ្លូវខុសឲ្យសោះ ព្រោះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រៀមខ្លួនផ្ទុះអាវុធខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេសអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មានចំពោះការឈ្លានពានណាមួយពីសត្រូវទាំងនេ។

កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ង់បានប្រកាស ត្រៀមខ្លួន ២០០ ភាគរយដើម្បីប្រយុទ្ធតតាំងជាមួយនឹងសហរដ្ឋអាមេរិក ។ នេះបើតាមការប្រកាសរបស់លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner