ចំនួនសិស្សជប៉ុនធ្វើអត្តឃាតកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៥
តូក្យូ ៖ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា
ចំនួនសិស្សធ្វើអត្តឃាត ឬបញ្ចប់ជីវិតដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុន បានស្ទុះឡើងខ្លាំងរហូតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីឆ្នាំ២០២៥ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាល ។
យោងតាមរបាយការណ៍បឋមរបស់ក្រសួងសុខុមាលភាពជប៉ុន, សិស្សសាលាចំនួន ៥៣២នាក់បានបញ្ចប់ជីវិតខ្លួនដោយការធ្វើអត្តឃាតនៅឆ្នាំ ២០២៥ ។ តួលេខនេះ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៨០ ។
បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី២៩ ខែមករា, ក្នុងចំណោមសិស្សទាំងនោះ មាន ៣៥២នាក់ជាសិស្សរៀននៅវិទ្យាល័យ និង១៧០នាក់ជាសិស្សរៀននៅអនុវិទ្យាល័យ ខណៈដែលសិស្ស ១០នាក់ទៀតរៀននៅបឋមសិក្សា ។
មូលហេតុចម្បងនៅពីក្រោយការធ្វើអត្តឃាត ក្នុងចំណោមសិស្សមានអាយុ ១៩ឆ្នាំ ឬក្មេងជាងនេះ គឺដោយសារបញ្ហាច្បាប់វិន័យសាលារៀន ការលំបាកផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅ ក៏ដូចជាបញ្ហាគ្រួសារ ជាពិសេសបញ្ហាសុខភាពផ្លូវចិត្ត និងជំងឺធ្លាក់ទឹកចិត្ត ។
ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនគ្រោងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្នុងនោះរួមមានការពង្រីកសេវាប្រឹក្សាយោបល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ។
បើតាមរបាយការណ៍ ចំនួនសរុបនៃការធ្វើអត្តឃាតនៅទូទាំងប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ត្រឹមចំនួន ១៩,០៩៧នាក់ក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី ១,២២៣នាក់ បើធៀបនឹងឆ្នាំមុន ។
តួលេខនេះគឺនៅក្រោម ២០,០០០នាក់ជាលើកដំបូង ចាប់តាំងពីទិន្នន័យបានចាប់ផ្តើមកត់ត្រាទុកក្នុងឆ្នាំ១៩៧៨ ។ ក្នុងនោះមានបុរសចំនួន ១៣,១១៧នាក់ និងស្ត្រីចំនួន ៥,៩៨០នាក់ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
