ភាពក្រីក្រនៅចក្រភពអង់គ្លេស កើនឡើងខ្ពស់បំផុតក្នុងពេល ៣០ឆ្នាំ

ឡុងដ៍ ៖ ភាពក្រីក្រនៅក្នុងចក្រភពអង់គ្លេសកាន់តែអាក្រក់ទៅៗ ដោយមានប្រជាជនប្រហែល ៦,៨លាននាក់ កំពុងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំង ពោលគឺស្ទើរតែដាច់ពោះស្លាប់ ។

បើតាមសារព័ត៌មាន Euronews ចេញផ្សាយថ្ងៃទី២៧ ខែមករា, តួលេខនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ឆ្នាំ នេះបើយោងតាមរបាយការណ៍របស់មូលនិធិ Joseph Rowntree ហៅកាត់ថា JRF ដែលជាអង្គការសប្បុរសធម៌សង្គមក្នុងស្រុក ។

អង្គការសប្បុរសធម៌បានអះអាងថា មូលហេតុនៅពីក្រោយអត្រានៃភាពក្រីក្រខ្លាំងនៅក្នុងចក្រភពអង់គ្លេស គឺដោយសារតែកង្វះគោលនយោបាយជាក់លាក់ ពោលគឺគ្មានការអន្តរាគមន៍ផ្នែកនយោបាយ ដើម្បីដោះស្រាយបញ្ហានេះអស់រយៈពេលពីរទសវត្សរ៍កន្លងមកហើយ ។

ប្រជាជនដែលគេចាត់ទុកថា មានជីវភាពខ្សត់ខ្សោយខ្លាំងបំផុត គឺពួកគេអាចរកលុយបានតិចជាង ៤០ភាគរយប៉ុណ្ណោះ នៃប្រាក់ចំណូលគ្រួសារជាមធ្យមនៅក្នុងចក្រភពអង់គ្លេស ។ សម្រាប់ប្តីប្រពន្ធដែលមានកូនពីរនាក់ តួលេខនេះស្មើនឹងប្រហែល ២២,៥០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ឬតិចជាងនេះ ។

យោងតាមការស្រាវជ្រាវរបស់មូលនិធិ JRF, ប្រហែល១ភាគ៥នៃប្រជាជនអង់គ្លេស ពោលគឺ ១៤,២លាននាក់ បានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំងនៅចន្លោះឆ្នាំ ២០២៣-២០២៤ ។ តួលេខនេះគឺជាអត្រាដូចគ្នានឹងឆ្នាំ២០២៥ដែរ ប៉ុន្តែសមាមាត្រនៃប្រជាជនដែលស្ថិតក្នុងភាពក្រីក្រខ្លាំងបានកើនឡើងដល់ពី ៨ភាគរយដល់១០ភាគរយ ។

ទិន្នន័យបានបង្ហាញថា ចំនួនប្រជាជនដែលអសន្តិសុខស្បៀងអាហារបានកើនឡើងដល់ ២,៨លាននាក់ក្នុងឆ្នាំ ២០២៣-២០២៤ កើនឡើង ៦០% ក្នុងរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ។ ភាពក្រីក្រក្នុងចំណោមកុមារក៏បានកើនឡើងផងដែរ ដោយមានកុមារចំនួន ៤,៥លាននាក់រស់នៅក្នុងភាពក្រីក្រ ដែលនេះជាការកើនឡើងក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ៕

ប្រភព ៖ euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner