អ្នកនាំពាក្យ៖ ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា នេះថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះ មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
ដោយ៖ពលជ័យ

