អ៊ីរ៉ង់ព្រមានអឺរ៉ុបប្រឈមផលវិបាកដ៏គ្រោះថ្នាក់ ក្រោយចាត់តាំងទ័ពខ្លួនជា “អង្គការភេរវកម្ម”

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ស្រែកគំរាមខ្លាំងៗថា ខ្លួននឹងបញ្ចេញចំណាត់ការបង្កផលវិបាកដ៏គ្រោះថ្នាក់ ឆ្លើយតបសហភាពអឺរ៉ុបចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាផ្លូវការ គឺជាអង្គការភេរវកម្ម ។

បើតាមសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី២៩ ខែមករា, អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានហៅការសម្រេចចិត្តរបស់អឺរ៉ុបថា ជារឿងមិនសមហេតុផល ខ្វះការទទួលខុសត្រូវ និងបង្កការស្អប់ខ្ពើម ។

មេទ័ពអ៊ីរ៉ង់រូបនេះ ថែមទាំងបានចោទប្រកាន់មេដឹកនាំអឺរ៉ុបថា បានធ្វើសកម្មភាពគោរពតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមានបំណងដាក់សម្ពាធរបបដឹកនាំទីក្រុងតេហេរ៉ង់ ។

ទន្ទឹមគ្នា មេទ័ពអ៊ីរ៉ង់រូបនេះក៏បានអះអាងផងដែរថា កងកម្លាំង IRGC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម រួមទាំងពួករដ្ឋអ៊ីស្លាមផងដែរ ហើយបានព្រមានថា ផលវិបាកដ៏គ្រោះថ្នាក់កើតចេញពីការសម្រេចចិត្តដ៏អរិភាព និងញុះញង់របស់នេះ នឹងធ្លាក់លើអ្នកធ្វើគោលនយោបាយអឺរ៉ុបដោយផ្ទាល់ ។

ការព្រមានធ្ងន់ៗនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានអនុម័តការចាត់តាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាអង្គការភេរវកម្ម ក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល ដើម្បីឆ្លើយតបការបង្ក្រាបដ៏ហិង្សារបស់អ៊ីរ៉ង់ទៅលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner