សម្តេចតេជោចង់ឃើញកម្ពុជា-កូរ៉េក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េថ្មី សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ថា កម្ពុជានិងកូរ៉េ គួរពង្រីកទំនាក់ទំនងឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅឆ្នាំក្រោយ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីទាំងពីរ គួរពង្រីកទំនាក់ទំនងឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រោះបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តម ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។

សម្ដេចតេជោ បានបន្ថែមថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេច បានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ ។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ។

ឯកឧត្តមបានចាត់ទុកតួអង្គសម្ដេចតេជោគឺជាអ្នកពូនជ្រុំនិងជាស្ថាបនិកនៃការបង្កើតនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិការទូតនេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូត រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឯកឧត្តមផ្ទាល់នឹងខិតខំប្រឹងប្រែងជំរុញកិច្ចការនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មនាំចេញ នាំចូល រវាងកម្ពុជា និងសាធារណៈកូរ៉េ មានទំហំទឹកប្រាក់សរុប ៩២៣លានដុល្លារ មានការកើនឡើង ២% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ កម្ពុជា បាននាំចេញទៅកូរ៉េក្នុងទំហំទឹកប្រាក់ ៣២៧លានដុល្លារ ខណៈនាំចូលពីកូរ៉េ មានទំហំទឹកប្រាក់ ៥៩៦លានដុល្លារ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner