ត្រីមាសទី១ ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះសីហនុ ជួយសង្គ្រោះជនរងគ្រោះ១១លើក ស្មើ៤៩នាក់

នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយ ដើមឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់គណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមការងារបង្ការទប់ស្កាត់បានចុះអប់រំផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋបានចំនួន៩១លើក ដែលមានសមាសភាពចូលរួម ៤,២៤៥នាក់ (ស្រី២,០១៨នាក់)។ លទ្ធផលចុះបង្ក្រាបបាន១១ករណី ឃាត់ខ្លួន១៦មុខសញ្ញា ក្នុងនោះបង្ក្រាបជាក់ស្តែងបានចំនួន១១ករណី (ជនជាតិចិន៩ករណី ) មានករណីប្រទូសកេរ្តិ៍ ២ករណី (ចិន១ករណី) ករណីប៉ុនប៉ងរំលោភសេពសន្ថវ: ២ករណី ការរំលោភសេពសន្ថវៈ៤ករណី ឃាត់ខ្លួន៤មុខសញ្ញា។ ករណីសព្ចាកម្ម ៣ករណី ឃាត់ខ្លួន៨មុខសញ្ញា(ចិន)។ កិច្ចសហប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ១១លើក ជនរងគ្រោះ៤៩នាក់ ក្នុងនោះមាន ចិន២២នាក់ និងថៃ១៥នាក់ផងដែរ។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត១១ករណី ស្មើនឹង១៦មុខសញ្ញា។

លោកស្រី ហៀក ហ៊ីមុល្លី បានបង្ហាញជំហរបន្តជំរុញក្រុមការងារជំនាញ មន្ទីរ អង្គភាព ស្ថាប័នមានភារកិច្ចនានាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យកាន់តែមានលទ្ធផលល្អ។ បង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាមមូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធើណិត ដោយអនុវត្ត និងស្រាវជ្រាវមុខសញ្ញាជនសង្ស័យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លិបកម្សាន្តរាត្រី កាស៊ីណូ និងផ្ដល់ព័ត៌មានបម្រើឲ្យការងារបង្ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់អំពើជួញដូរមនុស្សនៅក្នុងខេត្តព្រះសីហនុ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner