សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
ក្នុងឱកាសនៃការបើកជាផ្លូវការវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៃប្រទេសចិន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ជាការលើកទិសដៅកសាងបណ្តាញហេដ្ឋរចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ហើយការចូលរួមក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ បានជួយបើកចំហនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានឈរលើគោលការណ៍នៃភាពស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះៗ និងការអភិវឌ្ឍជារួម។
ឯកឧត្តម ប្រធានាធិបតីចិន បានសង្កត់ធ្ងន់ផងដែរថា គោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការរួបរួមគ្នា និងការចែករំលែកផលប្រយោជន៍ គួរតែត្រូវបានលើកឡើង ហើយក៏ត្រូវធ្វើការបើកចំហ និងគោរពតាមវិធីសាស្ត្របៃតង និងស្អាតផងដែរ។ បន្ថែមពីនេះគ្រប់គ្នាត្រូវសម្រេចឲ្យបាននូវគោលបំណងនៃការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់ ទៅលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍដែលប្រកបដោយចីរភាពថែមទៀត។ ឯកឧត្តម ស៊ី ជិនពីង ក៏បានធ្វើការសន្យាផងដែរក្នុងនាមជាមេដឹកនាំនៃប្រទេសចិន ដើម្បីធ្វើការជាមួយដៃគូនៃទីក្រុងប្រកបដោយនិរន្តរភាពនានា និងការចូលរួមសម្ព័ន្ធភាពគ្នាជាលក្ខណៈអន្តរជាតិ សម្រាប់ការអភិវឌ្ឍបៃតង ស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឯកឧត្តមក៏បានលើកឡើងនៅមុននេះដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនជារបស់ចិនផ្តាច់មុននោះឡើយ ដោយបណ្តាប្រទេសនានានៅលើពិភពលោក ត្រូវបានស្វាគមន៍ដើម្បីកសាងអនាគតរួម។
ក្នុងឱកាសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យទៅដល់បណ្តាថ្នាក់ដឹកនាំប្រទេស ភ្ញៀវកិត្តិយសទាំងអស់មកទូទាំងសកលោកថា ក្នុងរយៈពេលជិត៦ឆ្នាំ នៃការអនុវត្តកន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោក ទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងអរូបវ័ន្ត ការបន្ស៊ី និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរ ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ប្រការនេះ បានចូលរួមចំណែកដល់ការលើកស្ទួយសុខមាលភាព និងការអភិវឌ្ឍតំបន់របស់យើងទាំងក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងសង្គម។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងយុគឌីជីថល ពិភពលោកទាំងមូល លែងបែងចែកជាទ្វីបទៀតហើយ យើងទាំងអស់គ្នារស់នៅយ៉ាងកៀកបង្កើយ ដោយរួមសុខរួមទុក្ខ ហើយខ្ញុំយល់ថា មានតែការខិតខំប្រឹងប្រែង ដើម្បីកសាងវាសនារួមគ្នាប៉ុណ្ណោះ ដែលនឹងទ្រទ្រង់មនុស្សជាតិទាំងមូលអាចបន្តរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងសុខសន្តិភាព។ ប្រការដែលមហាអំណាចសេដ្ឋកិច្ចមួយមានឧត្តមគតិ និងមនសិការគិតគូរដល់ការកសាងសហគមន៍វាសនារួមគ្នាជាមួយបណ្តាប្រទេសសេដ្ឋកិច្ចផ្សេងៗទៀត ទាំងតូច និងធំ ជាគតិបណ្ឌិតគំរូប្រកបដោយវីរភាព ហើយក៏ជាកាយវិការដ៏ទន់ភ្លន់គួរឱ្យគោរពកោតសរសើរសមជាអរិយប្រទេស។ សម្ដេច រំពឹងថា បណ្តាប្រទេស និងសេដ្ឋកិច្ចដែលមានភាពរីកចម្រើនលូតលាស់ និងរុងរឿងនានា នឹងប្រកាន់យកលំអាន និងទស្សនវិជ្ជា «រួមគ្នា ពោលគឺប្រទេសខ្លាំង ជួយប្រទេសខ្សោយ ប្រទេសមានជួយប្រទេស ដែលនៅខ្វះខាត ក្នុងគោលដៅតែមួយ និងរួមគ្នាជួយគ្នា ដើម្បីឱ្យយើងមានវាសនាអនាគតរុងរឿងដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បញ្ចាក់ថា បច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាមហាអំណាចដ៏ធំទី១នៅអាស៊ី និងធំទី២ នៅលើសាកលលោក។ កត្តានេះ បានធ្វើឱ្យមានការចូលរួមចំណែក និងការទទួលខុសត្រូវរបស់ប្រទេសចិននៅក្នុងការអភិវឌ្ឍក្នុងតំបន់ និងលើសាកលោកពិតជាមានភាពចាំបាច់ខ្វះមិនបាន។ ការដាក់ចេញ និងអនុវត្តន៍នូវក្របខ័ណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាសក្ខីកម្មមួយយ៉ាងប្រត្យក្សនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរួមចំណែកជំរុញអភិវឌ្ឍន៍តំបន់ និងសាកលលោក។ សម្ដេចតេជោ បានបន្តទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីនុជំហ៊ាន២ អាចនឹងបង្កើតការងារជូនប្រជាជនប្រមាណ៨ម៉ឺននាក់បន្ថែមទៀត។
សមិទ្ធផលថ្មីមួយទៀតតាមរយៈគំនិតផ្តួចផ្តើមនេះ គឺកម្ពុជាសម្រេចបាននូវការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងក្លាយជាកម្លាំងចលករមួយ ចូលរួមកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា និងបង្កើនការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ខុសប្លែកពីទស្សនៈមួយចំនួនដែលយល់ឃើញថា គំនិតផ្តួចផ្តើមនេះ នឹងបណ្តាលឱ្យប្រទេសមួយចំនួនជាប់អន្ទាក់បំណុល។ ប្រទេសកម្ពុជាមិនត្រឹមតែអាចចរចា និងរៀបចំគម្រោងនេះដោយឈរលើស្មារតីការពារផលប្រយោជន៍ជូនជាតិ និងប្រជាជនរបស់ខ្លួនដោយស្មើភាព និងស្មើសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវការធ្វើវិស្វកម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈដល់រដ្ឋថែមទៀតផង។
សម្ដេចបង្ហាញជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កំពុងបង្កើតកម្លាំងចលករថ្មីសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងពិតជាមានតម្រូវការចាំបាច់ក្នុងការជំរុញកសាងសាមគ្គីភាព និងការយោគយល់គ្នាដោយផ្អែកលើតម្លៃនៃគុណធម៌ សាមគ្គីភាព មិត្តភាព និងជំនឿទុកចិត្ត និងសមភាពនៅក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជនរបស់យើង។
គួរបញ្ជាក់ថា វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៃប្រទេសចិននោះ មានបណ្ដាមេដឹកនាំបណ្តាប្រទេសនានាចំនួន៣៧រូបចូលរួម សម្រាប់រយៈពេល០៣ថ្ងៃ ដែលមានភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិ៩០ សរុបប្រមាណ ៥,០០០នាក់ចូលរួម៕ធ.ដ