រថយន្តកុងទីន័រមួយគ្រឿងបុករះរថយន្ត២គ្រឿង របួសធ្ងន់ម្នាក់
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងទីន័រមួយគ្រឿងបើកលឿនជ្រុលបុករថយន្តយីឌុប កំពុងបើកឆ្លងផ្លូវរុញទៅបុករថយន្តហ៊ីណូឈប់ចិញ្ចើមផ្លូវបណ្តាលឲ្យធ្លាក់ប្រឡាយ ចំណែករថយន្តកុងទីន័រ និងយីឌុបគៀបជាប់គ្នា បណ្តាលឲ្យតៃកុងរងយន្តកុងទីន័ររងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ នៅមុខសាលាកូរ៉េ តាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីម៉ាកហ៊ីណូ ពណ៌ក្រហម ផ្លាកលេខចង្កូតស្តាំPP 0213 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏បានឈប់នៅចិញ្ចើមផ្លូវចុះទិញបាយហូប ស្របពេលក៏មានរថយន្តយីឌុបដឹកទំនិញពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A 1763 ធ្វើដំណើរឡើងពីផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ហើយបានឆ្លងផ្លូវមហាវីថីឈ្នះ-ឈ្នះទៅត្បូង ភ្លាមនោះក៏មានរថយន្តកុងទីន័រដឹកសសរថ្ម ពណ៌លឿង3D 5967 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បុករថយន្តយីឌុបរុញទៅបុករថយន្តហ៊ីណូបណ្តាលឲ្យធ្លាក់ប្រឡាយ ចំណែករថយន្តបង្ក និងរថយន្តយីឌុបគៀបជាប់គ្នា ហើយគៀបតៃកុងរថយន្តកុងទីន័រជាប់រងរបួសធ្ងន់។
ក្រោយកើតហេតុ ក្រុមមន្ទីរពេទ្យកងពលតូច៧១១ ចេញទៅជួយគាស់យកជនរងគ្រោះចេញពីកាប៊ិនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍រាជធានីមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានី រង់ចាំដោះស្រាយតាមច្បាប់៕ធ.ដ