សមត្ថកិច្ចបង្ក្រាបទីតាំង «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ដែលបង្កប់សេវារកស៊ីផ្លូវភេទ និងឃាត់ខ្លួនមនុស្ស៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាមានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន២នាក់ នៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ជីង ថា ហៅអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ទីតាំងម៉ាស្សាកោសជប់ បានចាប់ផ្ដើមបើកបម្រើសេវា ចាប់ពីម៉ោង៧យប់រហូតដល់រំលងអាធ្រាត្រ ដោយមាននារីក្មេងៗចំនួន២នាក់ រង់ចាំទទួលភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយ:ពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី២៥ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួន និងលុយដុល្លារក្លែងក្លាយមួយចំនួន។

ក្រោយពីឃាត់ខ្លួនម្ចាស់ទីតាំង និងនារីក្មេងៗចំនួន២នាក់ ត្រូវបាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ។ បច្ចុប្បន្ននេះ ម្ចាស់ទីតាំង ត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner