ឯកឧត្តម សូ ខនឬទ្ធីគុណ ចូលរួមក្នុងវេទិកាថ្នាក់តំបន់លើកទី១ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តរតនគិរី៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានរៀបចំវេទិកាថ្នាក់តំបន់លើកទី១ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «ជំរុញ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន អង្គការ ស្ថាប័នពាក់ព័ន្ធ បណ្តាញសហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិពីគ្រប់តំបន់ នៅថ្ងៃសុក្រ ៧រោច ខែចេត្រ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ។

គោលបំណងសំខាន់នៃការរៀបចំវេទិកាថ្នាក់តំបន់លើកទី១ ទី១) គឺដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍លើការងារអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងទិសដៅកៀរគរធនធានហិរញ្ញវត្ថុសម្រាប់ការងារធនធានធម្មជាតិ ទី២) ផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីសហគមន៍ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងមគ្គុទេស៍ទេសចណ៍ក្នុងការងារការពារ និងអភិរក្សធនធានធម្មជាតិ និងទី៣) បង្កើនកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាប្រមូលមតិយោបល់ពាក់ព័ន្ធ កង្វល់ ការប្រឈម ដំណោះស្រាយនានា និងយុទ្ធសាស្រ្ត ក្នុងការអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា។

ឯកឧត្តម សូ ខនឬទ្ធីគុណ បានមានប្រសាសន៍ថា ការការពារធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថានជាកិច្ចការសំខាន់ ព្រោះថានិរន្តរភាពនៃធនធានធម្មជាតិ គឺជាប្រភពចម្បងដើម្បីធានា ការរីកចម្រើន និងការអភិវឌ្ឍប្រទេសសម្រាប់សុខុមាលភាពមនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយ ក្នុងរយៈពេលវែង ជាពិសេសក្នុងបរិការណ៍ ដែលកម្ពុជាកំពុងមានភាពរីកចម្រើន និងរក្សាបាននូវស្ថេរភាពកំណើន សេដ្ឋកិច្ច ហើយបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលទាមទារឲ្យមានការគិតគូអំពីបញ្ហា បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ហើយក្រសួងបរិស្ថានបានរៀបចំវេទិកាថ្នាក់តំបន់នេះចំនួន០៦ លើករួចមកហើយ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងបរិស្ថាន រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍តំបន់ ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ យ៉ាងណាមិញ ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner