នគរបាលចាប់ផ្តើមផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ឡើងវិញ
ដោយសង្កេតឃើញកំណើនគ្រោះថ្នាក់ចរាណ៍មួយរយៈពេលកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសជូនដំណឹងដល់សាធារណជនថា ក្នុងរយៈពេល១៦០ថ្ងៃ(គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។
ក្នុងរយៈពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% ដោយចំនួនអ្នកស្លាប់កើន៦២នាក់ ស្មើ១០% ហើយអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
ជាពិសេស រយៈពេល ១ខែមករា ដើមឆ្នាំ២០២៦នេះ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% ក្នុងនោះអ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។
គ្រោះដ្នាក់ជិត៥០%គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ មូលហេតុផ្សេងៗទៀតមានដូចជា៖ ការមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង ល្មើសសញ្ញាចរាចរណ៍ កត្តាយាន ងងុយគេង និងកត្តាផ្លូវ។
ដូច្នេះ ដើម្បីបន្តរួមចំណែកធ្វើឱ្យអ្នកបើកបរ អ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាព និង និងរក្សាបានសណ្តាប់ល្អនៅគ្រប់ទីកន្លែង អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។
អាជ្ញាធរជឿជាក់ថា ការរឹតបណ្តឹងនេះនឹងជួយឱ្យសាធារណជនមានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍កាន់តែល្អប្រសើរឡើង ព្រមទាំងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនឱ្យបានជាអតិបរមា ។
ជាចុងក្រោយ អគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវទាំងអស់នឹងចូលរួមចំណែកយ៉ាងសកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយព្យសនកម្មផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមពាក្យស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕
