បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត ពិតជាមានសារៈសំខាន់ក្នុង​ការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ ដូចបានដឹងហើយថា សាមគ្កីភាពជាប្រវត្តិសាស្ត្រនៅតែបន្តដើរតួនាទីជាសរសរស្តម្ភ នៃគ្រឹះទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ នៅក្នុងយុគសម័យថ្មី។ ជាទូទៅប្រទេសទាំងបីតែងតែបានអះអាងយ៉ាងខ្ជាប់ខ្ជួននៅការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រចំពោះស្ថេរភាពនយោបាយ និងមាគ៌ា នៃការអភិវឌ្ឍន៍ជាតិរៀងៗខ្លួន។

បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា អ្វីដែលគួរឲ្យកត់សម្គាល់សំខាន់បំផុតគឺថា នៅក្នុងទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងបី កត់សម្គាល់ឃើញថា ទំនាក់ទំនងរវាគណបក្ស និងគណបក្សនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា នៅឡាវ គឺបក្សប្រជាជនបដិវត្តន៍ឡាវ និងនៅវៀតណាម គឺបក្សកុម្មុយនីស្តវៀតណាម។ ទំនាក់ទំនងរវាងគណបក្ស និងគណបក្ស នៃប្រទេសទាំងបី គឺនៅតែដើរតួនាទីយ៉ាងសំខាន់ជាយុថ្កានយោបាយដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងបី។ ចំពោះមុខបរិបទផ្ទៃក្នុង ក៏ដូចជាបរិបទសកល ទំនាក់ទំនងរវាងប្រទេសទាំងបីកត់សម្គាល់ឃើញថា កំពុងមានសន្ទុះរីកចម្រើនស្ទើរគ្រប់វិស័យ។ កម្ពុជា ឡាវ និងវៀតណាម គឺបានឯកភាពគ្នាក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមានសារៈសំខាន់ជាសារវន្តសម្រាប់ប្រជាជាតិទាំងបី។ ជារួមអ្វីដែលកត់សម្គាល់ គឺគោលនយោបាយការបរទេសរវាងប្រទេសទាំងបីអនុវត្តចំពោះគ្នា គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពរឹងមាំ និងស្ថេរភាពនៃទំនាក់រវាងប្រទេសទាំងបី៕
ដោយ៖ពលជ័យ

ads banner