អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់សមត្ថកិច្ចទាំងអស់ ការពារដោយស្មើភាពគ្នា ចំពោះដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត
ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ដល់កងកម្លាំងទាំងអស់ ត្រូវតែការពារដោយស្មើភាពគ្នា ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ថ្លែង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែ ការពារឲ្យបានដាច់ខាត ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតនាពេលខាងមុខនេះ ដោយមិនអាចធ្វេសប្រហែសនោះឡើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា «យើងត្រូវចាត់វិធានការទប់ស្កាត់ ប្រយុទ្ធរាល់ឧបាយកល ការប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើរការរៀបចំការបោះឆ្នោត និងការ ចុះឈ្មោះបោះឆ្នោត តាមគ្រប់រូបភាព។ ត្រូវធានាឲ្យបាននូវបរិយាកាសស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បី ការបោះឆ្នោត ឬការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និង អំពើហិង្សា។ ត្រូវផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នា ចំពោះមុខច្បាប់ជូនអ្នកបោះឆ្នោត កិច្ចប្រជុំ វាគ្មិន និងគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក និងខណ្ឌ នឹងប្រព្រឹត្ត ទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមានគណបក្សចំនួនប្រាំពីរគណបក្ស ចូលរួមប្រកួត ប្រជែង។ បើតាមឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គ.ជ.ប.) ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា គណបក្សដែលបាន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខនេះ គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររូបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសាធារណរដ្ឋ។
ឯកឧត្តម ទេព នីថា បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនបេក្ខជនសរុបទាំងប្រាំពីរគណបក្សនយោបាយ សម្រាប់មណ្ឌលរាជធានី-ខេត្ត មានចំនួន៤៧២៣រូប (ស្ត្រី១៧១៨រូប ត្រូវជា៣៦,៣៨ ភាគរយ) និងចំនួនបេក្ខជនសរុបសម្រាប់មណ្ឌលក្រុង-ស្រុក និងខណ្ឌ មានចំនួន១៦៩៦៩រូប (ស្ត្រី៥៥៦០រូប ត្រូវជា ៣២,៧៧ភាគរយ)។ បេក្ខជនសរុបទាំងអស់ សម្រាប់មណ្ឌលរាជធានី-ខេត្ត និងមណ្ឌល ក្រុង-ស្រុក និងខណ្ឌ មានចំនួន ២១,៦៩២ រូប (ស្រីចំនួន៧២៧៨រូប ត្រូវជា ៣៥,៥៥ភាគរយ)៕ធ.ដ