ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនងាយរងគ្រោះ រស់នៅសង្កាត់ស្វាយប៉ាក បន្តទទួលបានការជួយឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនងាយរងគ្រោះចំនួន៥គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។ សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានធ្វើឡើងនៅក្នុងសង្កាត់ស្វាយប៉ាក នាព្រឹកថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ។
លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូននាពេលនេះ គឺតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានសង្កត់ធ្ងន់ថា អំណោយទាំងនេះដែរ គឺសម្រាប់ចែកជូនចំពោះ តែបងប្អូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះប៉ុណ្ណោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់ សង្កាត់ និងភូមិ ពីព្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចទាំងពីរ៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ