Zelensky ថា ស្លាប់ទ័ពអ៊ុយក្រែន ៥ម៉ឺន៥ពាន់នាក់ ក្នុងសង្គ្រាម
កៀវ ៖ លោក Zelensky បាននិយាយថា ទាហានអ៊ុយក្រែន ៥ម៉ឺន៥ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាម ចាប់ផ្តើម។
នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍បារាំង France 2 កាលពីថ្ងៃពុធ, ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានអះអាងថា កងទ័ពទាំងនោះ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃ ការលុកលុយពេញលេញ របស់រុស្ស៊ី នៅឆ្នាំ ២០២២ ដោយបន្ថែមថា ចំនួនមនុស្សដ៏ច្រើនទៀត ក៏មិនច្បាស់ថា ស្លាប់ ឬ នៅរស់ដែរ។ ប៉ុន្តែ លោក Volodymyr Zelensky មិនបានផ្តល់តួលេខពិតប្រាកដ សម្រាប់អ្នកដែលកំពុងបាត់ខ្លួនទេ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប៉ាន់ប្រមាណថា ទាហានអ៊ុយក្រែន ជិត ៤០ម៉ឺន នាក់ត្រូវបានសម្លាប់ ឬ រងរបួស ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម គិតត្រឹមពាក់កណ្តាល ឆ្នាំ ២០២៥ នេះបើការចុះផ្សាយ របស់ Al Jazeera។
រុស្ស៊ី ក៏បានទទួលរងការខាតបង់យ៉ាងខ្លាំង ក្នុងសង្គ្រាម ដែលកំពុងកើតឡើង។ ទាំង អ៊ុយក្រែន និងរុស្ស៊ី កម្របង្ហាញតួលេខជនរងគ្រោះផ្ទាល់ ក្នុងសង្គ្រាម ប៉ុន្តែ តែងតែ រាយការណ៍យ៉ាងសកម្ម អំពីការបាត់បង់ជីវិតសត្រូវ នៅលើសមរភូមិ។
ក្រុមអ្នកវិភាគ និយាយថា ទាំង ទីក្រុង Kyiv និង ទីក្រុងមូស្គូ ទំនងជាមានរបាយការណ៍តិចតួច អំពីការស្លាប់របស់ពួកគេ ដើម្បីឲ្យឃើញថា ម្ខាងទៀត ស្លាប់ច្រើនជាង៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត