អាងកិច្ចសន្យាលង់ខ្លួនអស់ជិត១០ម៉ឺនដុល្លារ ម្ចាស់ដីក្រឡាស់ឈប់លក់ដីឲ្យវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសអ្នករកស៊ីទិញលក់ដីម្នាក់ លង់ខ្លួនអស់លុយជិត១០ម៉ឺនដុល្លារ ព្រោះតែជឿលើពាក្យសម្តីភាគីខាងអ្នកលក់ និងកិច្ចសន្យា ក្រោយពីប្រគល់លុយកក់បានមួយភាគបីទៅហើយ សន្យាព្រៀមព្រៀងគ្នា បន្តមួយខែ បន្ថែមលើកិច្ចសន្យា៣ខែ បែរជាភាគីខាងអ្នកលក់ ប្រែក្រឡាស់ ខណៈដែលលិខិតផ្ទេរសិទ្ធិផ្ទេររួចហើយ បែរជាម្ចាស់ដីមិនឲ្យទៅភាគីអ្នកទិញ ដោយចាត់ទុកជាអសារបង់ទៅវិញ ក៏កើតជារឿងក្តីក្តាំប្តឹងផ្តល់គ្នា ហើយភាគីអ្នកទិញថា អយុត្តិធម៌។ ដីដែលកើតរឿងទំនាស់ខាងលើទំហំ៥០២៩ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសម្តីភាគីអ្នកទិញឈ្មោះ ផាត់ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញលក់ដីពុះឡូត៍ មានទីលំនៅ ភូមិព្រៃផ្ចឹក ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា គាត់បានទិញដីខាងលើ ពីម្ចាស់អ្នកលក់ ឈ្មោះ យ៉ឺន សុឃីម ភេទស្រី អាយុ៤៦ឆ្នាំ ផ្ទះលេខ១០៤ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្នុងតម្លៃព្រមព្រៀងគ្នា១៨៧០០០ដុល្លារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដោយមានកិច្ចសន្យាប្រគល់ប្រាក់៦ម៉ឺនដុល្លារមុន រង់ចាំ៣ខែក្រោយ ផ្ទេរសិទ្ធិរួច ទើបប្រគល់លុយគ្រប់ចំនួន ក៏ប៉ុន្តែ អំឡុងពេលដែលប្រគល់លុយ៦ម៉ឺនដុល្លារហើយ គាត់សុំអនុញ្ញាតពីម្ចាស់ដើម ចាក់ដីដាក់លូសរុបអស់៣៦៧០០ដុល្លារ។

ប្រភពបន្តទៀតថា ស្រាប់តែ៣ខែក្រោយ ឯកសារផ្ទេរសិទ្ធិកាត់ឈ្មោះមកមែន ក៏ប៉ុន្តែលុយមិនទាន់បានគ្រប់ចំនួន ភាគីទាំង២ ទាំងអ្នកលក់ ទាំងអ្នកទិញ បានសម្របសម្រួល និងធ្វើកិច្ចសន្យាពន្យារយៈពេល១ខែបន្ថែមទៀត ក្នុងករណីលុយថ្លៃដីមិនគ្រប់ចំនួន នោះដីចាត់ទុកជាមោឃៈ។ ព្រមព្រៀងត្រូវគ្នាហើយ ស្រាប់តែបាន២ថ្ងៃក្រោយមក មិនទាន់បាន១ខែតាមកិច្ចសន្យាផង ស្រាប់តែភាគីអ្នកលក់ លែងលក់វិញហើយ ទោះជាភាគីអ្នកទិញ ប្រគល់ឲ្យគ្រប់ចំនួនក៏លែងលក់។ ចំណែកលុយ៦ម៉ឺនដុល្លារ ដែលបានប្រគល់២តំណាក់កាលកន្លងមកក៏មិនឲ្យវិញ កុំថាឡើយលុយថ្លៃចាក់ដីអស់ជាង៣ម៉ឺន។

រឿងរ៉ាវទំនាស់ដីធ្លីខាងលើ កើតមានរវាងភាគីអ្នកលក់ និងអ្នកទិញ ដោយភាគីខាងអ្នកទិញស្រែកថាអយុត្តិធម៌ពេកហើយ ក្រោយពីព្រមព្រៀងគ្នា រឿងសុំពន្យារពេល១ខែ បែរជាប្រែក្រឡាស់ទៅវិញ ទើបគាត់ទទូចស្នើសុំទៅអាជ្ញាធរ ស្ថាប័នពាក្យព័ន្ធ ឃុំស្រុក ខេត្ត មេត្តាជួយពិនិត្យលើសំណុំឯកសារឡើងវិញ ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner