អគ្គលេខាបក្សវៀតណាមឯកឧត្តម តូ ឡឹម បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តបតាមការ​អញ្ជើញ​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

បើយោងតាមក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជ​ហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តម តូ ឡឹម ចូលគាល់ ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយស ជូនលោក អគ្គ លេខា ធិការបក្សនៅព្រះបរមរាជវាំង ។ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តម តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជ​ដំណាក់ផងដែរ ។

ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមាន ឯក រាជ្យ នៅមណ្ឌប​ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា និងមណ្ឌបមិត្ត ភាព កម្ពុជា-វៀតណាម ។

ឯកឧត្តម តូ ឡឹម ក៏មានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។

ប្រវត្តិរូបសង្ខេប៖
ឯកឧត្តម តូ ឡឹម កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ ក្នុងឃុំ Nghia Tru ស្រុក Van Giang ខេត្ត Hung Yen នៅក្បែរទីក្រុង​ហាណូយ នៃវៀតណាមភាគខាងជើង។ 

ឯកឧត្តមបានចូលរៀននៅសភាសន្តិសុខប្រជាជនដែលជាសាលានគរបាលរបស់វៀតណាមក្នុងខែតុលា ឆ្នាំ១៩៧៤ រហូតដល់​បញ្ចប់ក្នុងខែតុលា ឆ្នាំ១៩៧៩។ លោកមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ និងមានតំណែងអប់រំជាសាស្ត្រាចារ្យ។

ចូលបម្រើការ និងកសាងឥទ្ធិពលក្នុងក្រសួងសន្តិសុខសាធារណ:៖ ក្រោយបញ្ចប់ពីសាលាសភាភ្លាម ឯកឧត្តម បានចូលបម្រើ​ការក្នុងការិយាល័យផ្នែកការការពារនយោបាយ I នៃក្រសួងសន្តិសុខសាធារណ: រហូតដល់ខែធ្នូ ឆ្នាំ១៩៨៨។ ក្រោយធ្វើការក្នុង​នាយកដ្ឋានផ្នែកការការពារនយោបាយ I បាន៩ឆ្នាំ ឯកឧត្តម តូ ឡឹម បានឡើងជាអនុប្រធាននាយកដ្ឋាន និងបានកាន់តំណែង​នេះរហូតដល់ឆ្នាំ១៩៩៣។

ក្នុងឆ្នាំ១៩៩៣ ឯកឧត្តម ឡឹម បានឡើងជាអនុប្រធាននៃនាយកដ្ឋានការការពារនយោបាយ I និងជាប្រធាននាយកដ្ឋាន​ផ្នែកការការពារនយោបាយ III ក្នុងក្រសួងសន្តិសុខសាធារណ: ដោយបានកាន់តំណែង២នេះរហូតដល់ឆ្នាំ២០០៦ ។

តំណែងបន្ទាប់ពីប្រធាន និងអនុប្រធាននាយកដ្ឋានរបស់ឯកឧត្តម តូ ឡឹម គឺអនុប្រធាននៃអគ្គនាយកដ្ឋានសន្តិសុខ ។ ក្នុង​ឆ្នាំ២០០៧ ឯកឧត្តម ត្រូវបានដំឡើងដំណែងជាឧត្តមសេនីយ៍ទោ ។ ក្រៅពីនេះ ឯកឧត្តម ជាអនុប្រធានអចិន្ត្រៃយ៍នៃអគ្គ​នាយកដ្ឋានសន្តិសុខ ដែលគ្របគ្រងនាយកដ្ឋានការការពារនយោបាយ I នៃក្រសួងសន្តិសុខសាធារណ: ដោយកាន់តំណែង​ទាំងនេះរហូតដល់ឆ្នាំ២០០៩ ។

ក្នុងឆ្នាំ២០០៩ ឯកឧត្តម តូ ឡឹម បានកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខ I នៅក្រសួងសន្តិសុខសាធារណ:។ ក្នុងឆ្នាំបន្ទាប់ លោកក៏បានឡើងជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណ: ដោយកាន់តំណែងនេះរហូតដល់ឆ្នាំ២០១៦ ។

ក្នុងឆ្នាំ២០១៦ ដដែល ឯកឧត្តមបានឡើងជារដ្ឋមន្រ្តីសន្តិសុខសាធារណ: ដោយកាន់រហូតដល់ឆ្នាំ២០២៤ នៅពេលដែល​ឯកឧត្តម ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងកំពូលក្នុងរដ្ឋាភិបាលវៀតណាម។ ។

ការចូលធ្វើនយោបាយក្នុងបក្សកុម្មុយនីស្តវៀតណាម៖ ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨១ ឯកឧត្តមបានចូលជា​សមាជិកបក្ស​កុំម្មុយនីស្តវៀតណាមផ្លូវការ។ ចាប់ពីឆ្នាំ២០១០ ឯកឧត្តមបានក្លាយជាសមាជិកនៃគណ:មជ្ឈិមបក្សអាណត្តិទី១១ ទី១២ ទី១៣ និងទី១៤ និងជាសមាជិកការិយាល័យនយោបាយរបស់គណ:កម្មាធិការមជ្ឈិមបក្សក្នុងអាណត្តិទី១២ ទី១៣ និងទី១៤។ ក្នុងស្ថាប័ននីតិបញ្ញត្តិនេះ ឯកឧត្តម តូ ឡឹម ក្លាយជាសមាជិកក្នុងអាណត្តិទី១៤ និងទី១៥ ផងដែរ ។

ឯកឧត្តម បានឡើងឋាន:ជាឧត្តមសេនីយ៍ឯក ក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រោយកាន់ឋាន:ជាឧត្តមសេនីយ៍ទោ តាំងពីឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៩ ឯកឧត្តម បានឡើងជានាយឧត្តមសេនីយ៍ ក្រោយចូលជាសមាជិកការិយាល័យនយោបាយកំពូល​របស់បក្ស​កុម្មុយនីស្តវៀតណាម ។

ជាមួយបទពិសោធច្រើនឆ្នាំ និងបន្ទាប់ពីការកសាងមូលដ្ឋានគ្រឹះក្នុងជួរកម្លាំងប៉ូលីស នៅឆ្នាំ២០២៤ មហិច្ឆតានយោបាយ​របស់ឯកឧត្តម តូ ឡឹម ចាប់ផ្ដើមលេចចេញកាន់តែច្បាស់ ។ ក្នុងឆ្នាំ២០២៤ ឯកឧត្តម តូ ឡឹម ត្រូវបានបក្សកុម្មុយនីស្តបោះ​ឆ្នោតឱ្យឡើងជាប្រធានាធិបតីរបស់វៀតណាម ។

ក្នុងខែសីហានៃឆ្នាំដដែល ប្រធានាធិបតីរូបនេះ បានឡើងជាអគ្គលេខាធិការមជ្ឈិមបក្ស ដែលជាតំណែងកំពូលរបស់រដ្ឋាភិបាល​ក្រុងហាណូយ។ 

នាសមាជបក្សនីតិកាលទី១៤ ឯកឧត្តម តូ ឡឹម បានជាប់ឆ្នោតជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ៕

ដោយ វណ្ណលុក
រូបថត៖ FN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner