សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ជិត១៦០បន្ទប់ ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អគារសិក្សាដែលជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងគម្រោងពង្រីកសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញ ចំនួន៨ខ្នង ស្មើនឹង១៥៧បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានចូលសិក្សាផងដែរ។ កម្មវិធីនេះប្រារព្ធឡើង នៅក្នុងវិទ្យាល័យព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃខណ:អភិបាលរាជធានីភ្នំពេញ និងលោក ហូរីណូអូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី ប្រជាពលរដ្ឋ សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ជាច្រើននាក់ផងដែរ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានប្រាប់ឲ្យដឹងថា សម្រាប់វិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០៥ដល់២០១៥ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA  នូវអគារសិក្សាសម្រាប់បថមសិក្សា ដែលមានកម្ពស់ចាប់ពី៣ដល់៥ជាន់ចំនួន៣លើក មាន១៨ខ្នង ស្មើ៣២០បន្ទប់ នៅសាលាបថមសិក្សា១៨សាលា ដោយគម្រោងនេះ គ្រប់គ្រងអនុវត្តដោយភាគីជប៉ុន។

ដោយឡែកស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងនៃគម្រោងការទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ( គូសាណូណិ) ដើម្បីគាំទ្រអភិវឌ្ឍវិស័យអប់រំនៅរាជធានីភ្នំពេញ មានអគារសិក្សា៧ខ្នង៤៦បន្ទប់។ បន្តមកទៀតក៏មានការណែនាំពី JICA  ឱ្យស្នើសុំសាងសង់អគារសិក្សា ដែលមានកម្ពស់ចាប់ពី៣ដល់៥ជាន់ ទៅរាជរដ្ឋាភិបាលជប៉ុន សម្រាប់មធ្យមសិក្សានៅរាជធានីភ្នំពេញ។ សំណើនេះ ក៏ត្រូវបានភាគីជប៉ុន យល់ព្រម និងផ្តល់ជូនជាហូរហែ។
លោក ហូរីណូអួជី ហ៊ីដែហ៊ីសា បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងសាងសង់អគារសិក្សា៨ខ្នងនេះ នៅសល់ថវិកាខ្លះត្រូវបានភាគីជប៉ុនអនុញ្ញាតិ ជូនរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រៀបចំបណ្ណាល័យ ជួសជុលបន្ទប់រៀន រៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងសង្ហារឹម និងការថែទាំនានាក្នុងសាលា។

ឯកឧត្តម ឃូង ស្រេង បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលមានជំនួយឥតសំណង និងកម្ចីឥនទានជាច្រើន ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ចាប់ពីឆ្នាំ១៩៩៨មក ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍលើគម្រោងធំៗជាច្រើន។

ជាក់ស្តែង អគារសិក្សា០៨ខ្នង នៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៨ ដែលជាជំនួយឥតសំណង ក្នុងគ្រោងពង្រីកសាលាមធ្យមសិក្សានៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបញ្ជាក់ពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំ ដើម្បីកសាង និងអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានគុណភាពខ្ពស់ សុជីវធម៌ និងគុណធម៌ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រោះការផ្តល់សេវាអប់រំ ប្រកបដោយវិជ្ជាជីវៈ និងគណនេយ្យភាព ជាមូលដ្ឋាន គឺជាបុព្វហេតុសម្រាប់កសាងសង្គមមួយប្រកបដោយ និរន្តរភាព ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ទ្វេភាគី សហគមន៍អាស៊ាន និងពិភពលោកផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner