អាជ្ញាធរអេដស៍ថា ជំងឺអេសដ៍នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា មួយថ្ងៃមានមនុស្ស ៣នាក់ បានឆ្លងមេរោគនេះ
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ជំងឺអេដស៍នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា ជាមធ្យមក្នុងមួយថ្ងៃ មានមនុស្ស ៣នាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ ។ ឯកឧត្តមថា ការប្រើប្រាស់ស្រោមអនាម័យ នៅតែជាមធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុត ដើម្បីការពារការឆ្លងជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។
កិច្ចប្រជុំនេះ មានគោលបំណងជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ ជាមួយនឹងសារសាមញ្ញមួយ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ហើយស្រោមអនាម័យក៏ជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព និងចំណាយថវិកាតិចបំផុតមួយ ក្នុងចំណោមវិធានការណ៍បង្ការមេរោគអេដស៍ និងជំងឺកាមរោគ ដូចជាការប្រើប្រាស់ថ្នាំចាក់ ការប្រើប្រាស់ថ្នាំលេប និងវិធីផ្សេងៗទៀត ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានចូលរួមចំណាយថវិកាជាច្រើន ដើម្បីទប់ស្កាត់ការចំលងនៃមេរោគអេដស៍ ។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានចូលរួមសហការជាមួយបណ្តាអង្គការដៃគូរ និងតាមបណ្តាញស្ថាប័ននានាដើម្បីទប់ស្កាត់មេរោគអេដស៍នេះ ជាពិសេសក្នុងស្រទាប់យុវវ័យ ។
ឯកឧត្តមបន្ថែមថា សម្រាប់ថ្ងៃទី១៤ កុម្ភៈ ដែលនឹងខិតជិតមកដល់ អាជ្ញាធរអេដស៍ក៏បានត្រៀមសហការជាមួយបណ្តាញដៃគូរ ដើម្បីចូលរួមផ្សព្វផ្សាយពីការជំងឺអេដស៍ ក៏ដូចជាការរៀបចំការប្រគំតន្ត្រីផ្សព្វផ្សាយពីមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃផងដែរ ។
លោកវជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្ត ។
លោកវជ្ជបណ្ឌិតបន្តថា យើងក៏បន្តគាំទ្រការអប់រំបង្ការមេរោគអេដស៍ តាមរយៈការផ្សព្វផ្សាយសហគមន៍ កម្មវិធីយុវជន សិស្ស និស្សិត ប្រជាជនគន្លឹះ និងក្រុមសហគមន៍ ហើយការខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ជាពិសេស ដោយសារការឆ្លងថ្មីនៅកម្ពុជាកំពុងកើនឡើង ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកធ្វើការតាមសេវាកម្សាន្តសប្បាយ ។
លោកវជ្ជបណ្ឌិតបន្ថែមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់យើង ដែលទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការកាត់បន្ថយការឆ្លងមេរោគអេដស៍ អ្នកជំងឺអេដស៍ថ្មី និងមរណៈភាពដោយសារជំងឺអេដស៍ យើងក៏កំពុងប្រឈមនឹងបញ្ហាធនធាន ជាពិសេសធនធានថវិកាក្នុងការឆ្លើយតប គឺមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ និងទូទាំងពិភពលោក ។
លោកវជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ក្នុងបរិបទនេះ ស្រោមអនាម័យមានសារៈសំខាន់ជាងពេលណាៗទាំងអស់ វានៅតែជាមធ្យាបាយមួយ ក្នុងចំណោមមធ្យាបាយផ្សេងៗទៀត ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់បំផុតដែលយើងមាន ដើម្បីបង្ការមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយចៃដន្យ ៕










អត្ថបទ ៖ ឈឹម ទីណា