ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួមមហាសន្និបាតលើកទី៥ នៃអង្គការសហប្រតិបត្តិការឌីជីថល

ក្រុងកូវ៉ែត៖ តបតាមការអញ្ជើញរបស់រដ្ឋកូវ៉ែតជាម្ចាស់ផ្ទះនិងលោកជំទាវអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឌីជីថល (Digital Cooperation Organization – DCO) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមជាភ្ញៀវ (Guest Country) ក្នុងមហាសន្និបាតលើកទី៥ នៃអង្គការ DCO ក្រោមប្រធានបទ “វិបុលភាពប្រកបដោយបរិយាបន្នក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” កាលពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកឌីជីថលរបស់បណ្តាប្រទេសជាសមាជិកនិងប្រទេសជាភ្ញៀវ ស្ថាប័នសង្កេតការណ៍ ដៃគូ និងវិស័យឯកជន មកពីប្រមាណ៦០ប្រទេស។

បច្ចុប្បន្ន អង្គការ DCO ដែលត្រូវបានបង្កើតនៅឆ្នាំ២០២០ មានសមាជិកចំនួន ១៦ប្រទេស ស្ថាប័នសង្កេតការណ៍ចំនួន ៤៩ និងស្ថាប័នដៃគូចំនួន ២០ ហើយអង្គការនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គមតាមរយៈកិច្ចសហការវិស័យឌីជីថល ដោយរួមគ្នាការពារផលប្រយោជន៍របស់រដ្ឋសមាជិក។

ក្នុងវេទិកាកិច្ចសហការឌីជីថលអន្តរជាតិ (International Digital Cooperation Forum – IDCF) ដែលជាព្រឹត្តិការណ៍អមនៃមហាសន្និបាតលើកទី៥ នៃអង្គការ DCO ឯកឧត្ដមរដ្ឋមន្ត្រីបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើការគ្រប់គ្រងហានិភ័យបញ្ញាសិប្បនិម្មិតដែលមានលក្ខណៈជាប្រព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថលនិងតំណាងមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី កេនយ៉ា និងបង់ក្លាដេស ព្រមទាំងលោកជំទាវអគ្គលេខាធិការនៃ DCO និងដៃគូអន្តរជាតិមួយចំនួនទៀត ដែលទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន រួមមានកិច្ចសហការផ្ទេរបច្ចេកវិទ្យាឌីជីថល ការកសាងសមត្ថភាពផ្នែកគោលនយោបាយឌីជីថល និងការសហការជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner