ប្រជាសហគមន៍ប្រាំបីមុំជួយសង្រ្គោះកូនទន្សោងមួយក្បាលដែលវង្វេងមេក្នុងដីចម្ការអំពៅ

ភ្នំពេញកូនទន្សោងឈ្មោលតូចមួយក្បាលដែលជាសត្វព្រៃកម្រត្រូវបានប្រជាសហគមន៍រួមគ្នាជួយសង្រ្គោះបន្ទាប់ពីបានប្រទះឃើញវាវង្វេងបែកពីមេក្នុងដីចម្ការអំពៅស្ថិតនៅសហគមន៍ការពារព្រៃឈើប្រាំបីមុម ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អង្គការគាំពារសត្វព្រៃកម្ពុជា(CWC)បានឱ្យដឹងថា កូនសត្វទន្សោងមួយ​ក្បាល​នេះគេឃើញវាបានវង្វេងពីមេរបស់វា​កាលពី​ដើមសប្ដាហ៍នេះ។​ប្រជាសហគមន៍បានយកវាមកថែទុកមួយយប់ដើម្បីឱ្យមេវាមកយកវិញ។ប៉ុន្តែ​បន្ទាប់ពីឃើញថា​មេវាមិន​បានមករកយកវាទៅហ្វូងវិញទេ ទើបប្រជា​សហគមន៍ការពារព្រៃឈើប្រាំបីមុមសម្រច​ចិត្តប្រគល់ឱ្យអង្គការ​គាំពារ​សត្វព្រៃកម្ពុជា​អ្នកថែទាំងតែម្តង។

លោក លក្ខ ភឿន សមាជិក នៃសហគមន៍ការពារព្រៃឈើប្រាំបីមុម​បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ថា កូនទន្សោងមានអាយុប្រហែល២សប្តាហ៍។​ពេលនេះវាត្រូវបានអង្គការ​គាំពារសត្វព្រៃកម្ពុជាជួយសង្រ្គោះ​ដោយយក​ទៅចិញ្ចឹមហើយ។

បើតាមលោក លក្ខ ភឿន បច្ចុប្បន្នសត្វទន្សោងកំពុងរស់នៅសហគមន៍​ការពារព្រៃឈើប្រាំបីមុមចំនួនជាង១០០ក្បាល ។ចំនួន​នេះ​បានកើន​ឡើងបន្តបន្ទាប់។ក្រៅពីនេះបើគេគិតជាមធ្យមកូនទន្សោងបានកើត​នៅ​ក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម​ក្នុងមួយឆ្នាំៗយ៉ាងតិចក៏៥ក្បាល​ដែរ។

គួរបញ្ជាក់ថាសហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី ១ ២២១​ហិកតា ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។សហគមន៍​មួយនេះមានសត្វព្រៃជាច្រើនរស់នៅ ដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស, សត្វស្លាបជាច្រើប្រភេទ និងល្មូនកម្រៗ ជាច្រើនទៀត៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner