ជប៉ុនផ្តល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់​ជួយដល់វិស័យចំនួនពីរ

ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង គម្រោងទ្រង់ទ្រាយតូច​សន្តិសុខមនុស្សជាតិ គូសាណូណិ​ជាទឹក​ប្រាក់សរុបជាង ៣០ម៉ឺនដុល្លារអាម៉េរិកដល់​រាជរដ្ឋា​ភិបាលកម្ពុជា សម្រាប់យកទៅប្រើប្រាស់ការស្តារប្រព័ន្ធធារា​សាស្រ្តនិង​វិស័យ​អប់រំក្នុងខេត្តចំនួន២។

កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជាឯកឧត្តម អ៊ុអិណុ អាត់ ស៊ូស៊ី បានថ្លែងនៅ​ក្នុងពិធី​ចុះហត្ថលេខា​ប្រគល់ និងទទួល​ជំនួយឥតសំណងគម្រោងទ្រង់ទ្រាយតូច​សន្តិសុខ​មនុស្សជាតិនោះថា ជំនួយដែលបាន​ផ្តល់ជូនរួមមាន៖
ទី១. ប្រាក់​ចំនួន ២២០. ២១៦ដុល្លារផ្តល់ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សម្រាប់ប្រើ​ប្រាស់ដើម្បី​ស្តារប្រព័ន្ធធារាសាស្រ្តមានស្រាប់ ដែលមានមុខងារអាងស្តុកទឹកអន់ថយ ងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង និងមានការលំ​បាកក្នុងការផ្គត់​ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ។ក្រោយការជួសជុលរួច និងផ្តល់អត្ថ​ប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៦.៥០០នាក់ រួមទាំងអ្នក​ដែលបានត្រឡប់មកពីប្រទេសថៃផងដែរ ។

ទី២. ប្រាក់ចំនួន ៨១.៦៨៨ដុល្លារបានផ្តល់ជូនទៅមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី សម្រាប់ប្រើ​ប្រាស់​សាងសង់​អន្តេវា​សិកដ្ឋាននិស្សិតស្រី និងផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ។ អន្តេវាសិកដ្ឋាននឹងផ្តល់ឱ្យ​និស្សិត​ស្រីនូវ​កន្លែងស្នាក់នៅប្រកបដោយ​ផាសុកភាព។ ចំណែកឧបករណ៍ថ្មីនឹងផ្តល់ឱ្យនិស្សិទាំងអស់នូវឱកាស ដើម្បីរៀននូវ​វិជ្ជាជីវៈ​នានា ដែលនឹងជួយពួកគេស្វែងរកការងារបន្ទាប់​ពីបញ្ចប់ការសិក្សា ។

ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយនៃប្រទេសទាំងពីរ ជប៉ុននឹងនៅតែបន្តចូល​រួមចំណែកក្នុងការ​ដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា តាមរយៈគ្រោងការជំនួយ​អភិវឌ្ឍន៍​ផ្លូវការផ្សេងៗ រួមទាំង គូសាណូណិ ផងដែរ ។
ជប៉ុន​តាមរយៈគម្រោងជំនួយឥតសំណង គូសាណូណិ ចាប់តាំងពីឆ្នាំ១៩៩១មក បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន ។គម្រោងជាង៧០០ នៅទូទាំងប្រទេស បានរួមចំណែកដោយ​ផ្ទាល់​ក្នុងការលើកកំពស់គុណភាពជីវិតពលរដ្ឋកម្ពុជាលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធគមនាគមន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខមាលភាពសង្គម និងសកម្មភាពដោះមីនមនុស្សធម៌ជាដើម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner