អាមេរិក បញ្ជូនរថក្រោះចម្បាំងជាង ១០០ គ្រឿងទៅឲ្យ តៃវ៉ាន់ ទប់ទល់ ចិន
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ជូនរថក្រោះចម្បាំង Abrams M1A2T ជំនាន់ទីបី និងចុងក្រោយរហូតដល់ ១០៨គ្រឿងទៅឲ្យកោះតៃវ៉ាន់ លឿនជាងកាលវិភាគដឹកជញ្ជូនក្នុងពេល ២ឆ្នាំ ។

ការចំណាយសរុបនៃកិច្ចសន្យាទិញរថក្រោះចម្បាំង Abrams ចំនួន ១០៨គ្រឿង ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃដល់ទៅ ២,២ពាន់លានដុល្លារ ។
ក្រោមលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងនេះ អាមេរិកត្រូវតែបញ្ចប់ការដឹកជញ្ជូនរថក្រោះចម្បាំងទៅឲ្យតៃវ៉ាន់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៨ ។
ការទិញរថក្រោះថ្មីនេះ តៃវ៉ាន់មានគោលបំណងធ្វើទំនើបកម្មកងនាវាពាសដែករបស់ខ្លួន ដើម្បីជំនួសរថក្រោះ CM-11 Brave Tiger និង CM-12 ដែលហួសសម័យ ។
ក្រៅពីរថក្រោះចម្បាំង តៃវ៉ាន់ក៏បានបញ្ជាទិញរថយន្តសង្គ្រោះរថពាសដែក M88A2 HERCULES ចំនួន ១៤គ្រឿង និងរថយន្តដឹកជញ្ជូនសម្ភារៈធុនធ្ងន់ Oshkosh M1070A1 HET ចំនួន ១៦គ្រឿង រួមជាមួយនឹងរថយន្តសណ្តោងរ៉ឺម៉កធុន M1000 ។ កញ្ចប់ដឹកជញ្ជូនក៏រួមបញ្ចូលទាំងឧបករណ៍ជំនួយ និងអាវុធផងដែរ ។
យោងតាមផែនការ ការបញ្ជាទិញឧបករណ៍យោធាថ្មីៗទាំងនេះ គឺតៃវ៉ាន់មានបំណងពង្រឹងការការពារ ជុំវិញអាកាសយានដ្ឋាននៅ Kaohsiung ភាគនិរតីនៃតៃវ៉ាន់ និង Tainan រួមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែចំនួនពីរ ក៏ដូចជាតំបន់ភាគពាយ័ព្យតៃវ៉ាន់ នៅជិតរដ្ឋធានីតៃប៉ិ ៕
ប្រភព ៖ militarnyi ប្រែសម្រួល ៖ ឈឹម ទីណា
