កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឱ្យកាន់តែល្អបន្ថែមទៀត រួមទាំងខិតខំធ្វើយ៉ាងណា ជំរុញពាណិជ្ជកម្មរួមគ្នាឱ្យកាន់តែរីកចម្រើនផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា ,គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ថ្នាក់ដឹកនាំទាំងបី បានពិភាក្សាគ្នាយ៉ាងច្រើនក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែក្លាំងក្លាបន្ថែមទៀត លើគ្រប់វិស័យទាំងវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិស័យវប្បធម៌ជាដើម ។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកំពូលទាំងបី សុទ្ធតែជំរុញឱ្យរដ្ឋាភិបាល នៃប្រទេសរបស់ខ្លួន ឱ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា។ ឯកឧត្តម ជា ធីរិទ្ធ គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា និងវៀតណាម សម្រេចបានទំហំពាណីជ្ជកម្មជាង ១១ពាន់លានដុល្លារអាម៉េរិក ដែលជាចំនួនមួយដ៏ច្រើន ហើយភាគីទាំងពីរ ក៏មានគោលដៅ បង្កើនទំហំពាណិជ្ជឱ្យដល់ ២០ ពាន់លានដុល្លារ នៅក្នុងពេលខាងមុខឆាប់ៗដែរ។ ចំណែកទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងឡាវ, ថ្វីដ្បិតកម្ពុជា និងឡាវ មានទំហំពាណិជ្ជកម្ម នៅមានកម្រិតទាបពិតមែន ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ សុទ្ធតែលើកឡើងពីសក្តានុពលជាច្រើន ដែលប្រទេសទាំងពីរ អាចធ្វើជាមួយគ្នា ក្នុងការពង្រីកពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ជា ធីរិទ្ធ បន្ថែមថា ក្រៅពីជំរុញការពង្រីក ទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្នែកការទូត ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ក៏នឹងជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេនឱ្យបន្តពួនជ្រុំ នូវវប្បធម៌ជាប្រពៃណីជានិរន្តផងដែរ ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ក៏យកចិត្តទុកដាក់ខ្ពស់ និងជំរុញឱ្យបណ្តាគណបក្សទាំងបី រួមគ្នាបណ្តុះបណ្តាល យុវជនបន្តវេនរបស់គណបក្ស ឱ្យកាន់តែមានផុសផុល និងកាន់តែសកម្ម បន្ថែមទៀតដែរ ។

ក្រៅពីជំរុញការពង្រីក ទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្នែកការទូត ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងបី ក៏នឹងជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន ឲ្យបន្តពួនជ្រុំ នូវវប្បធម៌ជាប្រពៃណីជានិរន្តផងដែរ ។

ជាមួយនេះ ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នា ជំរុញ នូវទំនាក់ទំនងត្រីភាគី ឱ្យកាន់តែរីកចម្រើននៅក្នុងក្របខ័ណ្ឌ នៃការសហការមិត្តភាពជាប្រពៃណី តាមព្រំដែនឱ្យកាន់តែល្អ ព្រោះសុវត្ថិភាព សន្តិសុខនៅតាមព្រំដែននេះ គឺជាកត្តាចម្បង ដែលថ្នាក់ដឹកនាំទាំងបី បានលើកឡើង ហើយក៏កោតសរសើរ ចំពោះអ្វីដែលប្រទេសទាំងបី បានធ្វើឡើងជាមួយគ្នា ដោយរក្សាបានទំនាក់ទំនងតាមព្រំដែនបានល្អប្រសើរ និងបន្តការខិតខំប្រឹងប្រែងទៀត ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាថា ព្រំដែននៃប្រទេសទាំងបី មានសុវត្ថិភាព និងបន្ត រក្សាសន្តិភាពឱ្យកាន់តែល្អប្រសើរ ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម នាពេលនេះ គឺជាឱកាសពង្រីកកិច្ចសហប្រតិបត្តិការ ទំាងនៅក្នុងក្របខណ្ឌត្រីភាគី នៃគណបក្សទាំងបី ក្របខណ្ឌ នៃរាជរដ្ឋាភិបាលប្រទេសទាំងបីបន្ថែមទៀត ដើម្បីឱ្យមិត្តភាពជាប្រពៃណីរវាងអ្នកជិតខាងប្រទេសទាំងបីនេះ កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ
