អាមេរិក និងរុស្ស៊ី ឆ្លៀតចរចាពង្រឹងយោធាជាមួយគ្នាឡើងវិញ អំឡុងកិច្ចប្រជុំបញ្ចប់សង្គ្រាម អ៊ុយក្រែន

អាប៊ុយដាប៊ី ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី បានឆ្លៀតចរចាពង្រឹងយោធារវាងប្រទេសទាំងពីរឡើងវិញ អំឡុងជំនួបប្រជុំ ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលរៀបចំធ្វើឡើង នៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ ។

ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុបអះអអាងថា ការសន្ទនាជាថ្មីនេះនឹងផ្តល់ភាពជាប់លាប់ ដល់ទំនាក់ទំនងយោធាទ្វេភាគី ខណៈដែលភាគីទាំងពីរ ធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។

ការប្រកាសនេះ កើតមានឡើង ចំពេលដែលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងចរចារលើកិច្ចព្រមព្រៀង ដើម្បីបន្តសន្ធិសញ្ញា កាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ដែលត្រូវផុតកំណត់ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈនេះ ។

បើតាម BBC, នេះជាការទាក់ទងគ្នា ដ៏សំខាន់មួយ រវាងមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោក ខណៈកិច្ចសន្ទនានេះក៏កើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានសម្តែងនូវបំណងចង់ធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានភាពប្រក្រតីឡើងវិញ ។

កន្លងមក សហរដ្ឋអាមេរិក និងរុស្ស៊ី ធ្លាប់បានរក្សាបណ្តាញទំនាក់ទំនង បើកចំហរ រវាងកងកម្លាំងប្រដាប់អាវុធ ក្នុងគោលបំណងដើម្បីបញ្ចៀសការយល់ច្រឡំ និងការកើនឡើងកម្តៅ បើទោះបីជាមានការប្រឈមមុខដាក់គ្នា ខ្លះៗ ក៏ដោយ ។ ប៉ុន្តែ ទំនាក់ទំនងទាំងនោះ ត្រូវបានផ្អាក នៅឆ្នាំ ២០២១ ពោលមុនពេលការឈ្លានពានពេញលេញ របស់រុស្ស៊ី លើអ៊ុយក្រែន ។

ចាប់តាំងពីពេលនោះមក មានឧប្បត្តិហេតុជាហូរហែលពាក់ព័ន្ធទៅនឹង យន្តហោះគ្មានមនុស្សបើក និង យន្តហោះចម្បាំង របស់រុស្ស៊ី ចូលទៅក្នុងដែនអាកាស ណាតូ និង យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅលើទឹកដីស៊ីរី និង សមុទ្រខ្មៅ ជាដើម។

អំឡុងកិច្ចពិភាក្សា នៅទីក្រុង Abu Dhabi នាពេលនោះដែរ, ភាគីទីក្រុងវ៉ាស៊ីនតោន ដឹកនាំដោយ លោក Alexus Grynkewich ដែលជាឧត្តមសេនីយកំពូលរបស់អាមេរិក ប្រចាំនៅអឺរ៉ុប ដោយបានជួបពិភាក្សា ជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី និង អ៊ុយក្រែន ប៉ុនប៉ងស្វែងការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយ រយៈពេល ៤ឆ្នាំ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner