លោក Trump ចង់បង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី រួមបញ្ចូលទាំង ចិន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញគោលបំណងបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START ជាមួយរុស្ស៊ី ហួសអាយុកាលកំណត់ ។

សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ ២០១៩ ។

សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

យ៉ាងណា ភាគីនៃសន្ធិសញ្ញា New START ទាំងពីរមិនបានបន្តកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរមួយនេះឡើងវិញនោះទេ ។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍, លោក Trump និយាយថា កិច្ចព្រមព្រៀងចាស់បានផុតសុពលភាពហើយ ដូច្នេះយើងគួរតែឲ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើង ធ្វើការលើសន្ធិសញ្ញាថ្មី ដើម្បីធ្វើឲ្យសន្ធិសញ្ញានេះប្រសើរឡើង និងអាចមានអាយុកាលយូរអង្វែង ។

បើតាម The Straits Times, គោលបំណងបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មីរបស់លោក Trump ក៏ចង់ដាក់បញ្ចូលប្រទេសចិនផងដែរ ដោយសារតែឃ្លាំងអាវុធរបស់មហាយក្សអាស៊ីមួយនេះកំពុងកើនឡើងយ៉ាងគំហុក ។

យ៉ាងណា ទីក្រុងប៉េកាំងបានប្រកាសច្រានចោលការចូលរួមជាមួយសន្ធិសញ្ញានុយក្លេអ៊ែរថ្មីរបស់អាមេរិក ។

យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ហៅកាត់ (SIPRI) បានឱ្យដឹងថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,១៧៧ គ្រាប់, រុស្ស៊ីមានប្រហែល ៥,៤៥៩គ្រាប់ និងចិនកំពុងសម្ងំផលិតឱ្យកើនដល់ ១,៥០០ គ្រាប់នៅត្រឹមឆ្នាំ ២០៣៥ ៕

ប្រភព ៖ The Straits Times និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner