សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៏ចម្រុះវប្បធម៌កម្ពុជា-ចិន
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំ ២០២៦ ដែលឈាននឹងចូលមកដល់ឆាប់ៗនេះ ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍វប្បធម៌ចូលឆ្នាំថ្មីឆ្នាំ ២០២៦ កម្ពុជា-ចិន ក្រោមប្រធានបទ “ពិព័រណ៏ចម្រុះវប្បធម៌កម្ពុជា-ចិន” ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នៅមុខបុរីរុងរឿង វិថីរុងរឿង១ សង្កាត់ព្រៃកលាប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរនៅកម្ពុជា និងជាប្រធានក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរនៅកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណង ចង់បង្រួបបង្រួមយុវជនដែលជាប់ខ្សែស្រឡាយចិន បានចូលរួមថែរក្សាប្រពៃណីបុណ្យចូលឆ្នាំចិន និងធ្វើកម្មវិធីការងារសប្បុរសធម៌ ក៏ដូចជាកិច្ចសហការអាជីវកម្ម ក្នុងន័យចូលរួមចំណែកជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែប្រសើរនាពេលអនាគត ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានក្រុមយុវជន នៃសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគនៅកម្ពុជា បានថ្លែងថា ដោយមានការគាំទ្រពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណិចិន ឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។
អ្នកឧកញ៉ា លី ឃុនថៃ បន្តថា នេះជាឆ្នាំទី២ ដែលក្រុមយុវជននៃសមាគមបានរៀបចំឡើង ដោយមានសកម្មភាព និងស្តង់ពិព័រណ៍ជាង ១២០ស្តង់ ដែលមានដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននានា រួមទាំងស្តង់ម្ហូបអាហារខ្មែរ-ចិន ស្តង់ទំនិញគ្រប់ប្រភេទ ហើយក៏មានការសម្ដែងវប្បធម៌ចិន-កម្ពុជា ដូចជាមានសម្តែងក្បាច់គុន ការប្រគុំតន្ត្រី ល្ខោនខ្មែរ ព្រមទាំងឧបករណ៍ភ្លេងខ្មែរ-ចិនជាដើម ដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរ ។

អ្នកឧកញ៉ាបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏បង្ហាញថា ខ្មែរពិតជាមានការអភិវឌ្ឍនាបច្ចុប្បន្ននេះ ហើយខ្មែរមានសមត្ថភាពច្រើន ខ្មែរអាចធ្វើបាន ដែលពីមុនមិនស្មានថាខ្មែរអាចធ្វើបាន តែឥឡូវភាគច្រើនគឺកូនអាចធ្វើបានច្រើន និងច្រើនជាងមុនថែមទៀត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជា បើកឱ្យសាធារណជនទូទៅទាំងអស់ ចូលរួមកម្សាន្តដោយសេរី និងឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ឱ្យបានច្រើនកុះករ ជាពិសេស ចូលរួមស្វែងយល់អំពីទំនាក់ទំនងមិត្តភាពដ៏ស្អិតល្មួត រវាងកម្ពុជា-ចិន ក៏ដូចជាសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីចិនជាដើមផងដែរ ៕














