សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ
ភ្នំពេញ៖ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ក្នុងសុន្ទរកថាស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការទៅវិញទៅមក ដើម្បីបន្តរឹតចំណងសាមគ្គីភាព ក្នុងស្មារតីជាអ្នកជិតខាងភូមិផងរបងដ៏ស្មោះត្រង់ជាមួយគ្នាជាប្រពៃណីរៀងដរាបរហូតមក ។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតនេះ នឹងចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត កាន់តែមានភាពសកម្ម និងមមាញឹកទ្វេឡើង ។

សូមជម្រាបថា ឆ្នាំនេះជាខួបលើកទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវផងដែរ។

ក្នុងពិធីដ៏មហោឡារឹកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម បណ្ឌិត ថងលុន ស៊ីសូលីត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ឡាវ អញ្ជើញទទួលទានភោជនាហារ អមដោយទស្សនីយភាពសិល្បៈក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត



