កម្ពុជា និងឡាវ នឹងចរចាគ្នាបោះបង្គោលព្រំដែនដែលនៅសល់តាមយន្តការសន្តិភាព
ភ្នំពេញ៖កម្ពុជា និងឡាវ បានសម្រេចបោះបង្គោលព្រំដែនបានប្រមាណ ៨៦ភាគរយហើយ។ប្រទេសទាំងពីរ នឹងចរចាបោះបង្គោលព្រំដែនដែលនៅសល់ តាមយន្តការមួយដោយសន្តិវិធី ក្នុងភាពជាអ្នកជិតខាងល្អ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងជំនួបគណបក្សទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នា ស្ដីអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃគណបក្សទាំងពីរ ផ្តោតទៅលើការអនុវត្តលើកិច្ចព្រមព្រៀងអ្វីដែលបានសម្រេចកាលពីលើកមុន និងបន្តអនុវត្តមកដល់ពេលនេះ ដែលសមិទ្ធផលជាច្រើនបានកើតឡើងសម្រាប់ការពង្រីកនូវទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ និយាយដោយឡែក និងនិយាយជារួមគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីសវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ថ្នាក់ដឹកនាំកំពូលទាំងពីរបានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរនៅមានជាមួយគ្នាជាពិសេសបន្តការផ្លាស់ប្ដូរនូវទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរតាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ និងបណ្ដុះបណ្ដាលយុវជនអ្នកបន្តវេនដើម្បីរក្សាឱ្យបាននូវចំណងមិត្តភាពនៃគណបក្សទាំងពីរ។

ឯកឧត្តម ថងលុន ស៊ីសូលីត បានអរគុណចំពោះ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ ដែលទាំងនេះជាការបង្ហាញអំពី ស្មារតីនៃការប្រកៀកស្មើគ្នា ក្នុងឋានៈជាប្រទេសជិតខាងគ្នា ហើយការរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងអស់នេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌគណបក្សនយោបាយទាំងពីរ រួមទាំងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថងលុន ស៊ីសូលីត បានឯកភាពគ្នា ក្រៅពីការពង្រីកនូវទំនាក់ទំនង បន្ថែមទៅលើគណបក្សទាំងពីរ ក៏បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងឱកាសនៃខួបទំនាក់ទំនង៧០ឆ្នាំខាងមុខនេះ បានជំរុញឱ្យថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីអបអរសាទរខួបទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវមានគោលបំណងដើម្បីរៀបចំឱ្យមានទិវាវប្បធម៌ដើម្បីអបអរសាទរទៅលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

បន្ថែមលើពេលនេះ ប្រមុខគណបក្សនៃប្រទេសទាំងពីរក៏បានជជែកគ្នាទៅលើវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច ជារួមធ្វើយ៉ាងណាដើម្បីគាំទ្របន្ថែមទៀតដល់ទំនាក់ទំនង នៃគណបក្សផង និងរដ្ឋាភិបាលផងឱ្យកាន់តែរីកចម្រើន។

ប្រមុខដឹកនាំទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់អំពីព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលបង្ហាញអំពីការយល់គ្នាទៅវិញទៅមក ។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ប្រទេសទាំងពីរ ក៏រួមគ្នាដើម្បីប្រឆាំងទៅនឹងឧក្រិដ្ឋកម្មនៅតាមព្រំដែនផងដែរ ដើម្បីធានានូវនិរន្តរភាពនៃស្ថិរភាព ក៏ដូចជាសន្តិភាពនៅតាមព្រំដែន រវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រដ្ឋាភិបាល រួមទាំងគណបក្ស គឺគាំទ្រឱ្យមានការសម្រេចបាននូវពាណិជ្ជកម្ម រវាងកម្ពុជា និងឡាវ បន្ថែមទៀត ថ្វីត្បិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានអត្រាប្រមាណជាង ២៥០លានដុល្លារ នៅចំនួនតិចក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ សុទ្ធតែមើលឃើញថានៅមានសក្តានុពលជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា។ ផែនការបឋម គឺថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ ចង់បានគឺការសម្រេចបាននូវពាណិជ្ជកម្មទំហំប្រមាណ ៧០០លានដុល្លារ នៅក្នុងពេលដែលឆាប់ៗខាងមុខ ដែលជាការបង្ហាញឆន្ទៈរួមទាំងក្របខ័ណ្ឌគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីររួចមក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក៏អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សទាំងពីរ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត
