លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ល្អណាស់ តែ នៅតែគំរាម
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់ មានលទ្ធផលល្អណាស់ តែ មេដឹកនាំអាមេរិក រូបនេះ នៅតែគំរាម។
ទោះបីជា លោក Trump ថា វិវឌ្ឍន៍ប្រសើរខ្លាំង ប៉ុន្តែ ការចរចាដែលសម្របសម្រួលនៅក្នុងប្រទេសអូម៉ង់ មិនទាន់ផ្តល់ផែនទីបង្ហាញផ្លូវ ដើម្បីកាត់បន្ថយការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ ថា «សហរដ្ឋអាមេរិក មានកិច្ចពិភាក្សាល្អណាស់ លើអ៊ីរ៉ង់ ហើយ អ្វីៗជាច្រើនទៀត ត្រូវបានគ្រោងធ្វើ នៅដើមសប្តាហ៍ក្រោយ»។
ប៉ុន្តែ លោក Trump ក៏បានរក្សាការគំរាមកំហែងរបស់លោក ដោយព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ផលវិបាកគឺធ្ងន់ធ្ងរណាស់ ។ យ៉ាងណា លោក មិនបានផ្តល់ព័ត៌មានលម្អិត នោះទេ។
មុនពេលឈានដល់ការចរចា នៅពេលនេះ មានភាពតានតឹងខ្លាំង រវាងប្រទេសទាំងពីរ ពោលគឺចាប់តាំងពី នាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk របស់អាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត