ថៃរៀបចំបោះឆ្នោត រើសនាយករដ្ឋមន្ត្រីថ្មី ថ្ងៃនេះ

បាងកក ៖ ថៃរៀបចំការបោះឆ្នោតជាតិ ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃអាទិត្យទី៨ ខែកុម្ភៈនេះ។

បើតាម NHK, នេះគឺជាការបោះឆ្នោតសកល លើកទីមួយ ក្នុងរយៈពេល បីឆ្នាំ ហើយមានការផ្តោតអារម្មណ៍ខ្លាំង ថាតើ លោក នាយករដ្ឋមន្ត្រី ចាំផ្ទះ Anutin Charnvirakul អាចបន្តកាន់តំណែងបានដែរឬទេ បន្ទាប់ពីចូលកាន់តំណែង កាលពីខែកញ្ញា ឆ្នាំមុន។

បណ្តាគណបក្សនយោបាយ ត្រូវប្រជែងដណ្តើមយកអាសនៈ ចំនួន ៥០០ ក្នុងសភាជាន់ទាបនេះ។ គណបក្សធំៗ ចំនួនបី រួមមាន Bhumjaithai របស់លោក Anutin, គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំ, ព្រមទាំង គណបក្សភឿថៃ ដែលជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ប្រធានបទសំខាន់ៗ សម្រាប់អ្នកបោះឆ្នោត រួមមាន គោលនយោបាយសន្តិសុខជាតិ និងវិធានការសេដ្ឋកិច្ច។

លោក Anutin ហាក់យកការប៉ះទង្គិចយោធា ជាមួយកម្ពុជា ទាញយកសម្លេងគាំទ្រ ចំពេលមានរលក នៃ មនោសញ្ចេតនាជាតិនិយម។

រីឯ គណបក្សប្រជាជន មានប្រជាប្រិយភាព ក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង ជាមួយនឹងគោលនយោបាយកំណែទម្រង់របស់ខ្លួន ក្នុងគោលបំណងដោះស្រាយវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់។

ចំពោះ គណបក្សភឿថៃ វិញ នៅតែប្រកាន់យកតំបន់ជនបទ។

ការស្ទង់មតិ ដែលចេញផ្សាយ កាលពីចុងខែមករា បង្ហាញថា គណបក្សប្រជាជន មានអត្រាគាំទ្រ ៣៣.៥ ភាគរយ, បន្ទាប់មក គឺ គណបក្ស Bhumjaithai មាន ២២.៧ ភាគរយ ហើយ គណបក្សភឿថៃ តិចជាងគេ គឺបាន ១៦.៩ ភាគរយ។

អ្នកវិភាគព្យាករណ៍ថា ការចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនឹងចាំបាច់ ព្រោះគ្មានគណបក្សណាមួយ អាចទទួលបានសំឡេងភាគច្រើន ដោយខ្លួនឯងនោះទេ។

ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមធ្វើភ្លាមៗ បន្ទាប់ពីការិយាល័យបោះឆ្នោតបិទទ្វារ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ នេះ៕

ប្រភពពី NHK ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner