បារាំងផ្តល់ជំនួយកែលម្អអាកាសយានដ្ឋាន Noi Bai របស់វៀតណាម ឲ្យទទួលអ្នកដំណើរកើនដល់២៥លាននាក់ នៅឆ្នាំក្រោយ
ចំណតអាកាសយានដ្ឋានអន្តរជាតិ Noi Bai ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម គ្រោងនឹងបង្កើតការទទួលអ្នកដំណើរឲ្យបានពី៨០ទៅ១០០លាននាក់ ត្រឹមឆ្នាំ២០៥០ ជាផ្នែកមួយនៃគម្រោងពង្រីក ត្រូវបានចុះហត្ថលេខាព្រមព្រៀងរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម និងក្រុមហ៊ុនបារាំង។
អាកាសចរណ៍ស៊ីវិលវៀតណាម និងក្រុមហ៊ុន ADPi របស់បារាំង បានចុះអនុស្សារណៈយោគយល់ឯកភាពបែបនេះ នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ សប្តាហ៍នេះ ពោលគឺពាក់ព័ន្ធនឹងការពង្រីកចំណតអាកាសយានដ្ឋានអន្តរជាតិរបស់វៀតណាមមួយនេះ។ ជាមួយនឹងទុនវិនិយោគប្រមាណ៣៤.៧ពាន់លានដុង ឬ ១.៤៨លានដុល្លារអាម៉េរិកនោះ។
ផែនការនេះត្រូវបានរំពឹងថា នឹងអនុវត្តជាង១២ខែ ក្នុងគោលបំណងបង្កើនចំនួនអ្នកដំណើរចន្លោះពី២០ទៅ២៥លាននាក់ នៅឆ្នាំក្រោយ និង ៥០លាននាក់បន្ទាប់ពីឆ្នាំ២០៣០។ ភាគីបារាំងបានផ្តល់ជំនួយឥតសំណងប្រមាណ៣០.៨ពាន់លានដុង ឬ១.៣១លានដុល្លារអាម៉េរិក។ ចំណតអាកាសយានដ្ឋានរបស់វៀតណាមួយនេះ ទទួលបានអ្នកដំណើរ៦លាន៧សែន៤ម៉ឺននាក់ កាលពីត្រីមាសដំបូងនៃឆ្នាំ២០១៩ ប្រៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានកំណើន៩.៤ភាគរយ៕ធ.ដ