កិច្ចប្រជុំពិភាក្សារវាងក្រសួងសាធារណការ និងអាជ្ញាធរសវនកម្មជាតិ ស្ដីពីការប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍សម្រេចទូទាត់ថវិកា សម្រាប់កាលបរិច្ឆេទឆ្នាំ២០១៨ និងឆ្នាំពាក់ព័ន្ធ
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម វ៉ាស៊ឹម សុរិយ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ដើម្បីរៀបចំផែនការសវនកម្ម ដែលធ្វើឡើងដោយអាជ្ញាធរសវនកម្មជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពីអង្គភាពក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្ហាញពីគោលបំណងនៃការធ្វើសវនកម្ម ការរៀបចំផែនការសវនកម្ម និងការរៀបចំកាលវិភាគសម្រាប់ការធ្វើសវនកម្ម ក៏ដូចជាពង្រឹកកិច្ចសហការរវាងស្ថាប័នទាំងពីរសំដៅឱ្យការធ្វើសវនកម្មនេះ ទទួលលទ្ធផលខ្ពស់ និងចំណេញពេលវេលា។
ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក៏បានជម្រាបជូនភាគីអាជ្ញាធរសវនកម្មជាតិ អំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង និងការរីកចម្រើនពីការអនុវត្តថវិកាកម្មវិធីផងដែរ។ ជាមួយគ្នានោះ ឯកឧត្ដមអគ្គនាយក បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ស្ថាប័នឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ សួរដេញដោល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូឱ្យបានខ្ជាប់ខ្ជួន ព្រោះវាជាបច្ច័យក្នុងការអភិវឌ្ឍជាតិ៕ធ.ដ