ឃុំខ្លួនម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ដាក់គុកPJ រឿងរកស៊ីបង់រំលស់រថយន្តខ្យល់
ភ្នំពេញ៖ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នពេញ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាបង្គាប់ឲ្យខ្លួនម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ឈ្មោះ សេង សុភ័ក្រ ពីបទ «រំលោភលើទំនុកចិត្ត» ដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ។ បន្ទាប់ពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំណេញ បានចោទប្រកាន់លើម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ឈ្មោះ សេង សុភ័ក្រ ពីបទ «រំលោភលើទំនុកចិត្ត»។
សូមបញ្ជាក់ថា សមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ឈ្មោះ សេង សុភ័ក្រ នេះ កាលពីវេលាម៉ោង១១៖១០ថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដើម្បីប្រគល់ខ្លួនឲ្យតំណាងអយ្យការបើកការសាកសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ មុនសំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួដើម្បីសម្រេច។
លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលស់រថយន្តមានយីហោ សេង ហ៊ួត ដែលមានទីតាំងផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានបង់រំលស់រថយន្ត សេរីទំនើបគ្រប់ប្រភេទ ជូនជនរងគ្រោះ សុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗ មកបង់រំលស់ជូនពួកគាត់ ហើយបន្ទាប់មក ដោយលើកហេតុផលថា ឡានដាច់ GPS សូមម្ចាស់រថយន្តដែលបង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់គាត់។
ពេលជនរងគ្រោះ យកមកដល់ការ៉ាស់ គាត់បានបើករថយន្តទៅត GPS បាត់ជាបន្តបន្ទាប់ជាច្រើនគ្រឿង រហូតមកដល់សព្វថ្ងៃនេះ។ ជនរងគ្រោះម្នាក់បានឲ្យដឹងថា គាត់ត្រូវលោក សេង សុភ័ក្រ ឆរបោកដែរ ដោយគាត់បានយករថយន្តព្រុសរបស់គាត់ មកដូរសេរីយកហាយឡែនឌឺ ដោយថែមលុយ ហើយឲ្យចាំពីរទៅបីថ្ងៃ ទើបមកដល់ ប៉ុន្តែបាត់រហូតមកដល់ថ្ងៃនេះ៕ធ.ដ
ដោយ៖ បញ្ញា