ស្រវឹងស្រាបើករថយន្តបុកគូទរថយន្តពីរគ្រឿងបន្តគ្នា រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស350 ផ្លាកលេខនគរបាលមួយគ្រឿង ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកគូទរថយន្តបន្តកន្ទុយគ្នាពីរគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស កាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅមុខហាងនំបុ័ងស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតុហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX-350 ពណ៌ស ផ្លាកលេខនគរបាល2-7679 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2AT-6198 បើកបរដោយជនជាតិចិនម្នាក់ រួមដំណើរនិងពីរនាក់ទៀតពីក្រោយពេញទំហឹងបណ្តាលរុញទៅបុកគូទរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿងទៀត មិនចាំផ្លាកលេខ បណ្តាលរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មករថយន្តឡង់គ្រឺស័រមិនចង់មានរឿងវែងឆ្ងាយបានបន្តដំណើរទៅមុខបាត់ ដោយបន្សល់ទុកនៅរថយន្តពីរគ្រឿងនៅដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តឡិចស៊ីស បានចេញសំណងទៅឲ្យខាងភាគីរថយន្តហ៊ីយ៉ាន់ដាយ ចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ធ.ដ