រដ្ឋាភិបាល មិនយកពន្ធលើម្ចាស់សេវាកម្មទេសចរណ៍ពេញមួយឆ្នាំ ២០២៦ សម្រាប់ខេត្តសៀមរាប
ភ្នំពេញ៖ចាប់ពីខែ មករា រហូតដល់ខែធ្នូ ឆ្នាំ ២០២៦ នេះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅ ក្នុងខេត្តសៀមរាប នឹង មិន តម្រូវ ឳ្យបង់ពន្ធពេញមួយឆ្នាំ។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣០ ខែមករា ដែលបណ្តាញព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១៨ខែកុម្ភៈ នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ ដល់ ម្ចាស់សេវាកម្ម ទាំងនេះ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ។ លើសពីនេះ ក្រសួងក៏បានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦ របស់ម្ចាស់សេវាកម្មទេសចរណ៍ទាំងនោះផងដែរ។

ការលើកទឹកចិត្តនេះ ធ្វើឡើងស្របពេលដែលការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសមកកម្ពុជា បានធ្លាក់ចុះ ១៧ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមគ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០២៥ មានទេសចរបរទេសជាង ៩៥៥ ០០០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានចំណូលជាង ៤៤លានដុល្លារអាម៉េរិក។ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីដ្ឋានអង្គរ បានធ្លាក់ចុះជិត ៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ កម្ពុជាបានទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ នៅឆ្នាំ២០២៥ ធ្លាក់ចុះជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦,៧លាននាក់។ ក្នុងនោះភ្ញៀវទេសចរមកពីប្រទេសវៀតណាម ចិន និងថៃ បានមកលេងប្រទេសកម្ពុជាច្រើនជាងគេក្នុងឆ្នាំ២០២៥៕
ដោយ៖ខន ណារី
