ព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ថា កម្លាំងជំនាញការិយាល័យបានអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងបទល្មើសជាក់ស្តែង នៅផ្លូវលេខ១៧៨ កែងផ្លូវលេខ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងប្រព្រឹត្តអំពើលួច (ឆក់យកកាបូបយួរដៃពណ៌ខ្មៅ) និងប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ (កែច្នៃផ្លាកលេខម៉ូតូ) នៅមុខផ្ទះលេខ២០១ ផ្លូវលេខ១៨២ កែងផ្លូវព្រះមុនីវង្ស ភូមិ៣ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទី១)ឈ្មោះ រ៉ា យូហាន ភេទប្រុស អាយុ១៧ឆ្នាំ និងទី២)ឈ្មោះ សុខ វី ហៅ ណា អូន យូ ភេទប្រុស អាយុ១៤ឆ្នាំ (អ្នកទាំង២ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ)។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូកែឆ្នៃចំនួន២គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ធ.ដ