ប្រភេទផ្សិតម្យ៉ាងនៅមណ្ឌលគិរីឆ្ងាញ់ដូចគ្រាប់ខ្នុរ ហើយតម្លៃក៏ថ្លៃខុសពីផ្សិតដទៃ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ផ្សិតជារុក្ខជាតិម្យ៉ាង ដែលពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋប្រទេសមួយចំនួនទៀតនិយមយកមកទទួលទានដោយកែច្នៃចេញជាមុខម្ហូបច្រើនមុខ តាមតែអាចធ្វើទៅបាន។ ក្នុងនោះផ្សិតខ្លះមានការដាំតាមកសិដ្ឋាន ដោយប្រើបច្ចេកទេសឲ្យស្របតាមធម្មជាតិ ហើយផ្សិតខ្លះទៀតគេត្រូវតែស្វែងរកតាមគុម្ពោធព្រៃនានា តាមសណ្ឋានដីដែលវាត្រូវដុះ។

ក្នុងនោះសម្រាប់អ្នកភូមិក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនាខែមេសា និងឧសភានេះ គេបានប្រទះឃើញពួកគាត់និយមដើរជាក្រុម ដើម្បីដកផ្សិតម្យ៉ាងមានឈ្មោះថា«ផ្សិតប៉ក់»។ ផ្សិតប៉ក់នេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានរសជាតិឆ្ងាញ់ចម្លែក គឺដូចជាគ្រាប់ផ្លែខ្នុរ អ៊ីចឹងដែរ ហើយតម្លៃថ្លៃគួរសមទៀត។

ម្ចាស់ចម្ការកៅស៊ូម្នាក់នៅស្រុកពេជ្រាដា លោកគង់ សុគុណ បានប្រាប់តាមប្រព័ន្ធmassenger ថា លោកក៏ដូចជាប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ក្នុងអំឡុងខែមេសា និងឧសភា តែងនាំគ្នាដកផ្សិតប៉ក់ ដើម្បីធ្វើម្ហូប និងលក់។ លោកថា ផ្សិតប្រភេទនេះ តែងដុះនៅក្នុងព្រៃ និងស្មៅក្រាស់ៗដែលមានសភាពដីសើមជាប់រហូត។ ផ្សិតនេះ វាដុះផ្តុំគ្នា ក្នុង១គុម្ពមានច្រើន ហើយក្នុងមួយថ្ងៃអាចដកបានម្នាក់៧ទៅ៨គីឡូក្រាមឯណោះ។

ម្ចាស់ចម្ការកៅស៊ូរូបនេះ បានអះអាងថា មានក្រុមឈ្មួញមកពីទល់ដែនថៃ ទិញដល់ៗកន្លែងដកតែម្តង ដោយពេលព្រឹកគេទិញតម្លៃ៥ម៉ឺនរៀល ហើយបើល្ងាចបន្តិចគេហ៊ានទិញលើសពីនេះ៤ទៅ៥ពាន់រៀលបន្ថែមទៀត បើទោះបីជាខ្ចី ឬទុំតម្លៃដូចគ្នាតែម្តង។ កសិកររូបនេះបានសរសើរអំពីរសជាតិមិនដាច់ពីមាត់នោះទេ គឺឆ្ងាញ់ជាប់ចិត្តតែម្តង។

ផ្អែកតាមការសង្កេតផ្សិតប៉ក់នេះ មានច្រើនដុះក្នុងទឹកដីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជាស្រុកវាលវែង ស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ តំបន់ខ្លះនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរីជាដើម ហើយតម្លៃគឺប្រហាក់ប្រហែលគ្នាតែម្តង។

មន្ត្រីពេទ្យម្នាក់អះអាងថា ពុំទាន់ដែលទទួលបានដំណឹងថា មានករណីពុលផ្សិតប្រភេទនេះនៅឡើយទេ សម្រាប់ខេត្តមណ្ឌលគិរី។ ផ្សិតនេះ តាមតែដឹងក្រុមឈ្មួញដឹកទៅស្រុកថៃ កែច្នៃជាឱសុទ្ធព្យាបាលជំងឺ ដ៏មានប្រសិទ្ធភាពផងដែរ៕ធ.ដ

ដោយៈ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner