សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ កាលពីម៉ោង១៣និង៥០នាទី ម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង១២និង៥០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧មេសា។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានអន្តរជាតិប៉េកាំង ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងជួបពិភាក្សា ជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលចិន និងបណ្តាក្រុមហ៊ុនវិនិយោគចិនជាច្រើនទៀត ពិសេសទៅទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលបាននូវជូនគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យប៉េកាំង ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី២៥មេសានេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner