តុលាការក្រុងភ្នំពេញកាត់ទោសបុរសចិនហុងកុងម្នាក់ ដឹកគ្រឿងញៀន ជិត២០គីឡូក្រាមមកកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការជាសាធារណៈដើម្បីសាកសួរដេញដោលអស់ជាច្រើនម៉ោង លោក  ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ប្លង់   សុផល ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចលើកពេលប្រកាសសាលក្រម សំណុំរឿងដឹកគ្រឿងញៀន ទៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ក្នុងសំណុំរឿងនេះមានជនជាប់ចោទឈ្មោះ LIU CHUN WA អាយុ២៥ឆ្នាំ  ជនជាតិចិន រស់នៅកោះហុងកុង ត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនរក្សាទុក និងជួញដូរគ្រឿងញៀន  ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅស្ថានីយប្រៃសណីយ៍ យោងតាមមាត្រា៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ក្នុងពេលសវនាការជនជាប់ចោទបានឆ្លើយបដិសេធចំពោះបទចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ជនជាប់ចោទបាននិយាយទៀតថា នៅកោះហុងកុងខ្លួនបានស្គាល់បុរសជនជាតិចិនម្នាក់ឈ្មោះ ប៉ូ តាមរយៈសង្សារខ្លួន ក្រោយមកឈ្មោះ ប៉ូ បានឲ្យខ្លួនមកប្រទេសកម្ពុជា ដើម្បីទទួលយកកញ្ចប់បញ្ញើមួយដែលមានលេខកូដផ្ញើមកពីប្រទេសអាល្លឺម៉ង់ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ខ្លួនគេក៏បានទៅប្រៃសណីយ៍ មកទទួលអីវ៉ាន់ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង រហូតដល់ថ្ងៃទី១៨  ខែកក្កដា ឆ្នាំ២០១៨ ទើបតុលាការបានសម្រចចេញដីការឃុំខ្លួននាក់ពន្ធនាគារបណ្ដោះអាសន្ន មកដល់ថ្ងៃកាត់ទោសនេះ។

សូមបញ្ជក់ថា ជនជាប់ចោទឈ្មោះ  LIU CHUN WA ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រៃសណីយ៍កម្ពុជា ពេលដែលជននេះបានទៅទទួលយកកញ្ចប់បញ្ញើមួយមកពីប្រទេសអាល្លឺម៉ង់ ដែលមានលេខកូដបញ្ជាក់ពីអត្តសញ្ញាណអ្នកមកទទួល។ ក្នុងកញ្ចប់បញ្ញើនោះអាជ្ញាធរបានរកឃើញថ្នាំគ្រាប់សារធាតុញៀនដល់ទៅ៥៥ភាគរយ  នៃសារធាតុសុទ្ធដល់ទៅ១៦,៥គីឡូក្រាម ដាក់បង្កប់ជាមួយនឹងចំណីសត្វ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner