លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ
ភ្នំពេញ៖យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ប្រាក់បញ្ញើរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសបានធ្លាក់ចុះ ២៣,៦ភាគរយ កាលពីឆ្នាំ ២០២៥។ ការធ្លាក់ចុះបន្ទាប់ពីពលករជាង ៩០ម៉ឺននាក់ដែលធ្វើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាវិលត្រឡប់មកកម្ពុជាវិញ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។
របាយការណ៍ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ក្នុងឆ្នាំ២០២៥ ពលករដែលធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់ជាង ២ពាន់លានដុល្លារ មកឲ្យគ្រួសារក្នុងប្រទេសកម្ពុជា ខណៈដែលក្នុងឆ្នាំ២០២៤ ពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសាររហូតដល់ជិត ៣ពាន់លានដុល្លារ។
ធនាគារជាតិ សង្កត់ធ្ងន់ថា បញ្ហានេះ កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារនៅកម្ពុជា និងបង្កើតសម្ពាធថ្មីៗ លើទីផ្សារការងារក្នុងស្រុក។
បណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម យល់ឃើញថាការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឱ្យលំហូរប្រាក់ពីបរទេសថយចុះ ដែលអាចប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ លោកក៏បានបង្ហាញពីផលវិជ្ជមាន ផងដែរនោះ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។
លោកបញ្ជាក់ថា«វាជួយបំពេញនូវកម្លាំងពលកម្មក្នុងទីផ្សារកម្ពុជា ក៏ចូលរួមចំណែកផងដែរក្នុងការរកចំណូល ចាយវាយ ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា»។

ចំណែក បណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ គឺជាការបង្កើនឱកាសកម្ពុជា ក្នុងការទាញយកកម្លាំងពលកម្ម និងការបង្កើតអាជីវកម្មលក្ខណៈគ្រួសារក្នុងស្រុកបន្ថែមទៀត។
លោកបញ្ជាក់ថា «ការវិលត្រឡប់នេះអាចបង្កើនឱកាសក្នុងការបង្កើតអាជីវកម្មតូចៗ និងការផ្ទេរជំនាញពីក្រៅប្រទេសមកអភិវឌ្ឍន៍វិស័យផលិតកម្មនៅកម្ពុជា»។

បើតាមធនាគារជាតិកម្ពុជា មុនពេលមានជម្លោះព្រំដែន ការផ្ញើប្រាក់ពីប្រទេសថៃ មានជាង ៧០ភាគរយ នៃលំហូរប្រាក់ពីបរទេសសរុប។ ប៉ុន្តែ ឆ្នាំ២០២៥ ការផ្ញើប្រាក់ពីថៃ ធ្លាក់មកត្រឹម ២៨ភាគរយ ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ក្រសួងការងារកម្ពុជា បានរាយការណ៍ថា ពលករខ្មែរត្រឡប់ពីថៃមកកម្ពុជា ប្រមាណ ៦៥ម៉ឺននាក់ហើយទទួលបានការងារធ្វើ ហើយកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មច្រើនទៀតទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងការងារកាលពីចុងខែមីនា ប្រាក់ខែអប្បបរមារបស់កម្មករនៅក្នុងប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាងនៅប្រទេសវៀតណាម ឡាវ ឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែនៅមានកម្រិតទាប់ជាងប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ។
ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ កាលពីឆ្នាំ ២០២៥ បានជះឥទ្ធិពលជាអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ៕
ដោយ៖ខន ណារី



